ព័ត៌មានជាតិ

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផ្សារលើ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តប្រចាំការ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពត្រួតពិនិត្យនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើ ប្រេងឆា មីដុំលឿង សសៃគុយទាវ សណ្តែកបណ្តុះ និងទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញសារធាតុគីមី នៅក្នុងម្ហូបអាហារខាងលើឡើយ។ ទន្ទឹមនេះដែរ មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់