ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ទឹកចាហួយកំប៉ុងម៉ាក Yeos និងតៅហ៊ូពងមាន់ ខូចគុណភាព នៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញសាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន៤ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារសិនជូរីផ្លាស្សា ផ្សារអូរឡាំពិក ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ផ្អកត្រីប្រា ស្ករត្នោត សៀង ឈាមជ្រូក គ្រឿងបុក តៅហ៊ូ ប្រហិតសាច់គោ និងសាច់ជ្រូក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា៖ ទឹកចាហួយកំប៉ុងម៉ាក Yeos ចំនួន ៣ កំប៉ុង, តៅហ៊ូពងមាន់ ចំនួន ៣១ ដុំ ស្នើនឹង ៣.៤១គីឡូក្រាម។ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុ និងដកហូតយកមកកម្ទេចចោលនៅនឹងកន្លែង។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់