ព័ត៌មានជាតិ

ចិនរហូតហ្មង! សង្ស័យស្រវឹងស្រា បើករថយន្ដបោះពួយទៅបុកក្បាលនាគចែកទ្រូងផ្លូវ ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិចិន២នាក់ ទំនងជាស្រវឹងស្រាបើករថយន្ដទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ។ ចំណែកឯជនជាតិចិនទាំង២នាក់ចុះពីរថយន្ដគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរក្ដាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដទំនើបមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2P-0432 ជិះដោយជនជាតិចិន២នាក់ ទំនងជាស្រវឹងស្រា ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនពេលមកដល់កន្លែងកើតហេតុក៏បានរេចង្កូតមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯទ្រូងផ្លូវរងការខូចខាតតិចតួច រីឯម្ចាស់រថយន្ដជាជនជាតិចិនទាំង២នាក់បានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់