ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ វាយបកទណ្ឌកម្ម បន្ទាប់ពីរងការស្តីបន្ទោស ចំពោះការសម្លាប់អ្នកប្រឆាំង

ហូឡង់: ក្រសួងការបរទេសហូឡង់ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអ៊ីរ៉ង់ បានវាយបកឆ្លើយតប ចំពោះការសម្លាប់អ្នកប្រឆាំងអ៊ីរ៉ង់ ២នាក់ ដែលរស់នៅក្នុងប្រទេសហូឡង់ ខណ:សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងអង្គភាពស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ និងមន្រ្តី ២រូប ទាក់ទងនឹងការស្លាប់នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីការបរទេសហូឡង់លោក Stef Blok បាននិយាយថា ក្រៅពីការសម្លាប់ក្នុងប្រទេសខ្លួន អ៊ីរ៉ង់ ក៏បានប៉ុនប៉ងធ្វើឃាតកម្ម នៅក្នុងប្រទេសដាណឺម៉ាក និងការវាយប្រហារដោយគ្រាប់បែក នៅក្នុងប្រទេសបារាំងផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារស៊ើបអង្កេតហូឡង់ (AIVD) បានឲ្យដឹងថា ក្រុមឈ្មួញកណ្តាល ត្រូវបានជួលដោយរដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីសម្លាប់ជនរងគ្រោះពីរនាក់ ដែលរស់នៅក្នុងប្រទេសហូទ្បង់។

ប្រមុខដឹកនាំរបស់ AIVD លោក Dick Schoof បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចូលរួមរបស់អ៊ីរ៉ង់ នៅក្នុងឃាតកម្មនេះ គឺបានបញ្ជាក់ពីសារ:សំខាន់ នៅក្នុងការស៊ើបអង្កេតរបស់ហូទ្បង់ ទៅលើគោលបំណងរបស់របបមួយនេះ៕

មតិយោបល់