បន្ទាយមានជ័យៈ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ផ្តើមឲ្យបេក្ខជនទទួលយកពាក្យ និងដាក់ពាក្យ ប្រលង ចូកក្របខ័ណ្ឌ នគរបាលជាតិ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ ប្រកាសជ្រើសរើស ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ឆ្នាំ២០១៦ ។
ជាមួយ និងការផ្តល់ពាក្យ ជូនបេក្ខជន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ដែលមានបេក្ខជនរាប់រយនាក់ មកទទួលពាក្យនៅស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានធ្វើការជួបជាមួយ អ្នកមកទទួលពាក្យទាំងអស់ និងបានស្នើសុំឲ្យបេក្ខជន ដាក់ពាក្យចូលប្រលងត្រូវខិតខំរៀនសូត្រ បន្ថែមរំលឹកមេរៀនឡើងវិញ ដើម្បីឲ្យការប្រលងបានជាប់ ព្រោះការប្រលងត្រូវពឹងលើសមត្ថភាពខ្លួនឯង។ សម្រាប់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវការបេក្ខជនចូលបម្រើក្នុងក្របខ័ណ្ឌ នគរបាលចំនួន១៧៦នាក់ ដែលមានពាក្យចំនួន១ពាន់ពាក្យ មានន័យថា ក្នុងចំណោម៦នាក់ យកម្នាក់។ សម្រាប់បេក្ខជន ដែលប្រលងជាប់ទាំង១៧៦នាក់ ក្នុងនោះមាននគរបាលចរាចរ២០នាក់ នគរបាលពន្លត់អគ្គីភ័យ១៦នាក់ នគរបាលសន្តិសុខផ្ទៃក្នុង៣នាក់ នគរបាលប្រឆាំងភេរវកម្ម៣នាក់ នគរបាលប៉ុស្តិ៍រដ្ឋបាល៧១នាក់ នគរបាលការពារព្រំដែនគោកចំនួន៦៣នាក់។
លក្ខណៈនៃការជ្រើសរើស ក្នុងចំណោមសិស្សានុសិស្សទាំង២ភេទ បុរសមានកំពស់ចាប់ពី ១,៦៧ ម៉ែត្រឡើង ចំណែកនារីមានកំពស់ចាប់ពី ១,៥៧ឡើង ដោយឡែកសម្រាប់នគរបាលការពារព្រំដែន បុរសមានកំពស់ចាប់ពី ១,៦៣ម៉ែត្រ។ សម្រាប់កម្រិតវប្បធម៌ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ។
ការផ្តល់ពាក្យជូនបេក្ខជនចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ចាប់ទទួលពាក្យពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦៕




មតិយោបល់