ព័ត៌មានជាតិ

ក្រសួងអំពាវនាវឲ្យប្រជាកសិករឆាប់ប្រមូលផល បើទោះជាកម្ពស់ទឹកទន្លេហក់ឡើងបន្តិច

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានជូនដំណឹងឲ្យប្រជាកសិករ ដែលបង្កបង្កើនផលនៅតាមតំបន់ទំនាប ឆាប់ប្រមូលផលឲ្យបានរួសរាន់ បើទោះបីជាកម្ពស់ទឹកនៅទាបជាងកម្រិតប្រុងប្រយ័ត្នក្ដី តែទឹកនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។

ក្រសួងធនធានទឹក ឲ្យដឹងថា ទឹកទន្លេ បាន និងកំពុងបន្តហក់ឡើង ហើយក្នុងរយៈពេល៤ ទៅ៥ថ្ងៃខាងមុខ ស្ថានភាពទឹកទន្លេមេគង្គ នៅតាមស្ថានីយជលសាស្ត្រនានា អាចនឹងកើនឡើងដល់៖ ទី១-ស្ទឹងត្រែង ទឹកអាចឡើងដល់៨,៥០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន២,២០ម៉ែត្រ ទី២-ក្រចេះ ទឹកអាចឡើងដល់១៦,០០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន៦,០០ម៉ែត្រ ទី៣-កំពង់ចាម ទឹកអាចឡើងដល់៩,០០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន៦,២០ម៉ែត្រ និងទី៤-បាសាក់-ចតុមុខ ទឹកអាចឡើងដល់៦,០០ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន៤,៥០ម៉ែត្រ៕

មតិយោបល់