ព័ត៌មានជាតិ

ចោរឆ្លៀតឱកាស ប៉ះម្ចាស់ភ្ជាប់ប្រព័ន្ធ GPS មានអីខ្នោះបានសម្រេច

កណ្ដាលៈ កាលពីវេលាម៉ោង០៨ និង៥៥នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានករណីអំពើលួចម៉ូតូ ត្រង់ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ យិន នី ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ ជាងចម្លាក់ ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ រតនៈ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងមាន៖ ម៉ូតូ០១គ្រឿង ម៉ាកCLIK ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Y-4048 (ជារបស់ជនរងគ្រោះ)។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួន ចេញពីផ្ទះទៅទិញថ្នាំបំបាត់ចុកពោះ មកលេប ក្រោយទិញថ្នាំរួច ជនរងគ្រោះបានប្រើក្មួយឈ្មោះ សុន ចាន់រ៉ា ភេទ ប្រុស អាយុ១៨ ឆ្នាំ ឲ្យទៅទិញបាយ យកមកហូបមុនពេលលេបថ្នាំ នៅពេលត្រឡប់មកវិញ ក្មួយជនរងគ្រោះ បានជិះម៉ូតូចូលទៅក្នុងផ្ទះ ដោយទុកសោជាប់នៅហ្នឹងម៉ូតូ ហើយយកបាយឲ្យជនរងគ្រោះ រួចក៏ចូលទៅដេកវិញ ព្រោះអត់ងងុយពីយប់។

អំទ្បុងជនរងគ្រោះ ចូលទៅក្នុងបន្ទប់ហូបបាយរួច ក៏ បានចូលបន្ទប់សម្រាក បានបន្តិច ក៏ឮសំឡេង ម៉ូតូជិះចេញ ប៉ុន្តែមិនចាប់អារម្មណ៍ ក្រោយមកជនរងគ្រោះ បានចេញមកបត់ជើងតូច ស្រាប់តែបាត់ម៉ូតូ រួចក៏បានយកទូរស័ព្ទ បើកមើលព្រោះអីម៉ូតូ ភ្ជាប់ប្រព័ន្ធ GPS បានឃើញសញ្ញាលោត ប្រាប់ពីចំណុចម៉ូតូ ដែលកំពុងតែធ្វើដំណើរ នៅតាមផ្លូវជាតិលេខ១ ត្រង់ចំណុចសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់មកជនរងគ្រោះ ក៏បានចុចបញ្ជាប្រព័ន្ធGPS ពន្លត់ម៉ាស៊ីនម៉ូតូ ហើយក៏ចេញស្វែង រកម៉ូតូ ជាមួយកម្លាំងប៉ុស្ដិ៍ភូមិធំ តាមចំណុច GPS
ចង្អុលបង្ហាញ ដោយបានសហការ ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកឯង ស្វែងរក ក៏បានប្រទះឃើញជនសង្ស័យ កំពុងតែបណ្ដើរម៉ូតូ តាមផ្លូវចូលវត្តព្រែកឯង ពេលនោះកម្លាំងនគរបាលប៉ុស្ដិ៍ភូមិធំ និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកឯង ក៏បានឃាត់ខ្លួនជនសង្ស័យ រួមទាំងម៉ូតូ យកមកប៉ុស្ដិ៍ព្រែកឯង និងបានប្រគល់មកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់