ព័ត៌មានជាតិ

បង្រ្កាបករណីលេងល្បែងស៊ីសងក្ដាមឃ្លោក ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់

ត្បូងឃ្មុំ: កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមនុស្សប្រមូលផ្ដុំគ្នា លួចលេងល្បែងស៊ីសងក្តាមឃ្លោក នៅត្រង់ចំណុចលើគ្រែមុខផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលជប់ បានសហការជាមួយកម្លាំងប្រជាការពារ ចុះដល់កន្លែងកើតហេតុ ឃើញមានមនុស្សមួយក្រុមកំពុងលេងល្បែងប្រមាណ៥ទៅ៦នាក់ ក្រឡេកឃើញកម្លាំងសមត្ថកិច្ច ក៏បានរត់បែកខ្ញែកគ្នា កម្លាំងនគរបាល ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃុន ដានី ភេទប្រុស អាយុ៤៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ និងដកហូតវត្ថុតាងរួមមាន៖

១. ហាន់តោក្ដាមឃ្លោកចំនួន០១ផ្ទាំង
២. ចាន០១ ផ្តិល០១ គ្រាប់ក្ដាមឃ្លោកចំនួន ០៣គ្រាប់
៣. លុយរៀល៥៨,៥០០រៀល (ប្រាំម៉ឺនប្រាំបីពាន់ប្រាំរយរៀល)
៤. ទូរសព្ទអិនចុចពិលចំនួន ០១គ្រឿង។

ជនសង្ស័យខាងលើនេះ ជំនាញធ្លាប់បានធ្វើការអប់រំ ណែនាំកិច្ចសន្យាម្ដងរួចហើយ តែមិនរាងចាល់ ។
ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងបានការឯភាពពី លោកហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ជនសង្ស័យរួមវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី ៕

មតិយោបល់