ព័ត៌មានជាតិ

តម្រួតថៃចាប់ឃាត់ខ្លួនស្ត្រីខ្មែរ និងប្រុសស្នេហ៍ជនជាតិថៃ ដកហូតបានថ្នាំញៀន១០០០គ្រាប់

បាត់ដំបងៈ ជនសង្ស័យចំនួនពីរនាក់ ដែលជាគូស្នេហ៍នឹងគ្នា ដោយគ្រាន់តែស្ត្រីនោះ គឺជាជនជាតិខ្មែរ ត្រូវបានក្រុមតម្រួតថៃដេញតាមប្រមាញ់រហូតឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យខាងលើ បានបើករថយន្តព្យាយាមរត់គេចរហូតធ្លាក់ទៅក្នុងប្រឡាយព្រមទាំងបានដកហូតនូវគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន១០០០គ្រាប់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានបញ្ជាក់ថា ប្រមាណជា២ខែមកហើយ ដែលក្រុមតម្រួតនៅស្រុកខៅស្មិង ខេត្តត្រាត ប្រទេសថៃ បានដាក់កម្លាំងព្យាយាមតាមប្រមាញ់ជនសង្ស័យម្នាក់ឈ្មោះ អៈឌីសន ឆៃរ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ដែលគេជិះរថយន្តម៉ាកហុងដា ពាក់ស្លាកលេខបាងកក ៨៥៣៤ រស់នៅក្នុងខេត្តត្រាត ហើយតែងតែបើកបរទៅមករវាងខេត្តត្រាត និងខេត្តច័ន្ទបុរី ជាមួយនឹងស្រីស្នេហ៍របស់គេម្នាក់ដែលជាជនជាតិខ្មែរ ដោយសារតែគេទាំងពីរនាក់នេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំមួយប្រចាំខេត្តត្រាត។

របាយការណ៍បានបន្តថា លុះនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីល្ងាច ប្រភពសម្ងាត់បានផ្តល់ព័ត៌មានមកថា មុខសញ្ញាខាងលើបានបង្ហាញខ្លួនហើយ ដែលគេកំពុងធ្វើដំណើរតាមផ្លូវសាយសែនទុង។ ភ្លាមៗនោះដែរ បន្ទាប់ពីទទួលបាននូវព័ត៌មាននេះភ្លាម ក្រុមតម្រួតប្រចាំស្រុកខៅស្មិង ចំនួន១០នាក់ បានប្រើប្រាស់រថយន្តចំនួន៣គ្រឿង ដើម្បីដេញតាមប្រមាញ់រថយន្តរបស់ជនសង្ស័យ។

ខណៈដែលប្រទះឃើញមុខសញ្ញាហើយនោះ សមត្ថកិច្ចបានចេញរថយន្តតាមដោយបានបញ្ជាឲ្យជនសង្ស័យបញ្ឈប់យាន ប៉ុន្តែបែរជាគេបានព្យាយាមបើកគេចពីកម្លាំងសមត្ថកិច្ចតាមបណ្តោយផ្លូវសាយសែនទុង រហូតដល់ផ្លូវបាងក្រាក់ដាន ដោយសារតែល្បឿនលឿន គឺនៅពេលដែលជនសង្ស័យខំប្រឹងបួងចង្កូតមិនទាន់ក៏បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវចូលទៅក្នុងប្រឡាយតែម្តង។

នៅពេលនោះដែរ គេសង្គេតឃើញជនសង្ស័យបានបើកទ្វាររថយន្តដោយនៅដៃមានកាន់ស្រោមជើងពណ៌ខ្មៅមួយគូរផង ដើម្បីព្យាយាមរត់គេចពីក្រុមតម្រួត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គេមិនអាចគេចផុតពីសមត្ថកិច្ចបានដែរ គឺត្រូវបានចាប់ខ្លួនព្រមទាំងស្រីស្នេហ៍ដែលជាជនជាតិខ្មែរម្នាក់ផង។

ក្រោយពេលត្រួតពិនិត្យនៅក្នុងស្រោមជើងនោះ មានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៥កញ្ចប់ ដែលគេរុំដោយស្កុតព៌ណខ្មៅ គឺជាក់ស្តែងថ្នាំញៀនសរុបចំនួន១០០០គ្រាប់ ព្រមទាំងបាន សារភាពថា គឺគេបានរកស៊ីជួញដូរគ្រឿងញៀននេះប្រមាណជាងមួយឆ្នាំមកហើយ ដោយធ្វើដំណើរពីរនាក់នារីខ្មែរ ដែលបានខ្លួនស្រឡាញ់គ្នា ហើយយកទៅលក់នៅខេត្តច័ន្ទបុរី ដើម្បីយកប្រាក់កម្រៃទៅធ្វើចម្ការដាំដើមមៀននៅខេត្តច័ន្ទបុរី។

បន្ទាប់ពីបានស្រាវជ្រាវរបស់សមត្ថកិច្ចរួចមក គឺជនសង្ស័យខាងលើនេះ ធ្លាប់មានដីកាតាមចាប់ខ្លួនចំនួនពីរករណីផងដែរ ដោយករណីទី១ គឺពាក់ព័ន្ធនឹងការបើកបរបុកមនុស្សស្លាប់ និងករណីទី២ គឺការជួញដូរគ្រឿងញៀនចំនួន៩០គ្រាប់ ដែលបាននាំចេញកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។ បច្ចុប្បន្នជនសង្ស័យរួមទាំងស្ត្រីខ្មែរ ត្រូវបានក្រុមតម្រួតថៃបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីសាកសួរបន្ត៕

មតិយោបល់