ព័ត៌មានជាតិ

(មានវីដេអូ) លាក់បាំង៣ម៉ោងទើបបែកធ្លាយ ក្រោយបាក់អាងស្តុកទឹកស្លាប់និងរបួស៣នាក់

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍​មកថា នៅម៉ោង​២រសៀល​ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើល​មួយបាន​កើត​ឡើង​នៅតាម​បណ្តោយផ្លូវ​១១១​ កែង​និង​ផ្លូវ២៤២ សង្កាត់​បឹងប្រលិត​ ខណ្ឌ៧មករា ក្រោយ​ពី​គេដឹងថា មានមនុស្សម្នាក់បានស្លាប់​ និង​២នាក់ផ្សេងទៀត​រងរបួស​បន្ទាប់ពី បាក់​អាង​ស្តុក​ទឹក​នៅក្នុង​ការដ្ឋាន​សំណង់​ដ៏ធំមួយ​ ស្ថិ​តនៅអគារ​ជាន់ទី២ ដែល​មានរយៈពេលជាង​៣ម៉ោង​។

បើតាម​សមត្ថកិច្ច​បាន​ឲ្យដឹងថា ជន​រងគ្រោះ​ដែល​បាត់បង់ជីវិត​ឈ្មោះ ឆាយ ឆាន ភេទប្រុស​ អាយុ៥០ឆ្នាំ​ ជាកម្មករ​សំណង់នៅទីនោះ មាន​ស្រុកកំណើតនៅ​ភូមិពោ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ដោយឡែក​ កម្មករ​ដែលរងរបួស​ពីរនាក់​ទៀត​ ត្រូវបានគេស្គាល់ឈ្មោះម្នាក់ សំរិត សាម៉ន និងម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ទេពេលនេះ ដោយ​ស្ថិត​ក្នុង​ការសង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យកាល់ម៉ែត។

បើតាមប្រភព​ពីកម្មករ​ដែល​ធ្វើការនៅទីនោះបានប្រាប់ថា មុនពេលកើតហេតុ​ កម្មករ​ចំនួន​៥នាក់បានចុះ​ទៅ​ក្នុង​អាងស្តុប​ទឹក​ដែលកំពុងសាងសង់​ បណ្តាល​ឲ្យ​បាក់ស្រុត​លើកម្មករ​ម្នាក់​ស្លាប់ភ្លាមៗ​ ​​ពីរទៀត​រងរបួស​ធ្ងន់​​ និង​ពីរទៀត​គ្រាន់តែរងរបួសស្រាល​តែប៉ុណ្ណោះ។

ក្នុងហេតុការណ៍នោះ មេកាសំណង់​បានព្យាយាមលាក់បាំង​មិនឲ្យព័ត៌មាន​ខាងលើ​នេះ ធ្លាយចេញមកក្រៅ​ ហើយ​បាន​លួចដឹកសាកសព​ចេញពីការដ្ឋាន​ភ្លាមៗ​ និង​យក​អ្នករងរបួស​ទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ដោយ​មិនប្រាប់​ដល់អាជ្ញាធរមូលដ្ឋាន​ឡើយ ពោលគឺ​គេបានព្យាយាមលាក់បាំង​រឿងនេះ រយៈ​ពេលជិត៤ម៉ោង​ដោយ​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មានពីខាង​មន្ទីរពេទ្យ​មកវិញ ទើ​បធ្វើការស្រាវជ្រាវដឹង​ពីទីតាំង​ខាងលើ ហើយសមត្ថកិច្ច​បាន​ចុះ​មកត្រួតពិនិត្យ​ ហើយ​បាននាំខ្លួន​មេកាសំណង់​យកទៅសួរនាំ​នៅប៉ុស្តិ៍នគរបាលបឹងប្រលិត​។

ក្នុង​ករណីនេះ គេមិនទាន់ដឹងថា សមត្ថកិច្ច​មានចំណាត់ការយ៉ាង​ណាទៅលើ​មេកាសំណង់​ និងទីតាំងខាងលើនោះនៅឡើយទេ។

ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្តិចទៀតនេះ៕

មតិយោបល់