ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូម្នាក់ ជិះម៉ូតូបុករថយន្តហាយទ្បែនឌ័រ លាន់ដូចរន្ទះ ស្លាប់ភ្លាមមួយរំពេច

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកជាមួយម៉ូតូ បើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ សុង ណាលីម អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខបើកបររថយន្តកាស៊ីណូ ស្នាក់រស់នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង H1-7874 ។

ចំណែករថយន្តវិញ ម៉ាកហាយទ្បែនឌ័រ ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2AQ-3413 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរពីកើតមកលិច មិនប្រកាន់ស្ដាំទេ ស្រាប់តែទៅបុក និងរថយន្ដខាងលើ មានទិសដៅបញ្ច្រសគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យអ្នកជិះម៉ូតូភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងយក វត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុះរឿងចាត់ការច្បាប់។ រីឯសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់