ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាសុខៗ ឃើញមិនស្រួលក៏ចុះរត់ ត្រូវសមត្ថកិច្ចឃាត់បានម្នាក់

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចណ៍ផ្លូវគោក បានឃាត់ខ្លួនក្រុមជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំញៀន មួយកញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តការនេះ កើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក នៅចំណុចគល់ស្ពានព្រែកព្នៅ តាមបណ្តោយផ្លូវឈ្នះឈ្នះ កែងផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធសនីភ្នំពេញ។

ជនសង្ស័យដែនឃាត់ខ្លួនឈ្មោះ វ៉ាន់​ សុភ័ក្រ ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរលក់កញ្ច្រែង ស្នាក់នៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ទៀតមិនស្គាល់ឈ្មោះឡើយ បានរត់គេចខ្លួនបាត់ស្រមោល។ អ្នកទាំងពីរបានជិះម៉ូតូ ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CZ-1400។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូឌុបគ្នាពីរនាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ខាងជើងស្ពានព្រែកព្នៅ បានបត់ឆ្វេងដៃ គាប់ជួនឃើញនគរបាល ដាក់កម្លាំងនៅចំណុចកើតហេតុ សម្រាប់តែបក្ខពួកម្នាក់ ដែលជិះពីក្រោយ បានលោតចុះពីម៉ូតូរត់គេចខ្លួនបាត់ បន្សល់ជនសង្ស័យម្នាក់ខាងលើ មិនដឹងរត់ទៅណារួច ត្រូវសមត្ថកិច្ចឃើញមានការសង្ស័យ ក៏ហៅម៉ូតូឲ្យអែបខាង រួចធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀននៅនិងខ្លួនមួយកញ្ចប់ រួមនឹងទូរស័ព្ទម៉ាកណូគា ពណ៌ខ្មៅមួយគ្រឿង ទើបឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ប្រគល់ឲ្យកម្លាំងជំនាញខណ្ឌ យកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់