កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចទម្លាក់យោង កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារសំរោងធំ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ អៀង ស្រីស្រស់ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យ៥នាក់ ទី១ឈ្មោះ ដួង សុខន ភេទប្រុស អាយុ៤៦ឆ្នាំ ស្រុកកំណើតភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប(ឃាត់ខ្លួន)។ ទី២ឈ្មោះ ប៊ុន ហាន ភេទប្រុស អាយុ៤១ ឆ្នាំ ស្រុកកំណើតភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នាក់នៅ ផ្ទះជួលកាណាឌីយ៉ា រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប(ឃាត់ខ្លួន)។ ទី៣ឈ្មោះ ដា មុំ ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ(គេចខ្លួន)។ ទី៤ឈ្មោះ ស្រី ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ(គេចខ្លួន)។ និងទី៥-ឈ្មោះ ថន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ(គេចខ្លួន)។
សម្ភារៈបាត់បង់៖ ខ្សែកមាសទម្ងន់៨ជី, ក្រវិលមាស១គូ០.៥ជី, ចិញ្ចៀនប្លាកទីន១វង់ ៥ជី។
វត្ថុតាងចាប់យក៖ ម៉ូតូ២គ្រឿង(១-ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ តាកែវ 1C-6039,២-ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GN-8501)។
នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើ ជនរងគ្រោះបានពរកូនចូលក្នុងផ្សារសំរោងធំដើម្បីរកទិញម្ហូប ពេលនោះក្រុមជនសង្ស័យជាមនុស្សស្រីម្នាក់បានមកឈរពីមុខជនរងគ្រោះនិងមានមនុស្សប្រុសម្នាក់(ជនសង្ស័យ) បានមកនិយាយខ្សឹបប្រាប់មនុស្សស្រី(ជនរងគ្រោះ)ថា៖ បងឯងមានរើសកាបូប
លុយខ្ញុំទេ រួចហើយក៏ដើរទៅបាត់។ បន្ទាប់មកមានមនុស្សស្រីម្នាក់ទៀត បានមកសួរជនរងគ្រោះថា ៖ អ្ហែងមានរើសបានអីឬអត់ ?ជនរងគ្រោះឆ្លើយថា៖ អត់បានរើសអីទេ ។
ពេលនោះជនរងគ្រោះឃើញមនុស្សស្រីដែលជួបលើកដំបូងជាអ្នករើសកាបូប ហើយបាននិយាយប្រាប់ជនរងគ្រោះថា ៖កុំមាត់ចាំយើងចែកគ្នា ដោយសន្យាចែកឲ្យមួយតម្លឹងកន្លះ ពេលនោះមនុស្សស្រីដែលជនរងគ្រោះជួបទី២បានប្រាប់ជនរងគ្រោះថា ៖ ឲ្យដើរចេញទៅក្រៅទាំងអស់គ្នាពីព្រោះលាភយើងមកដល់ហើយ។ ជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យមកចែកមាសគ្នានៅចំណុចរោងម៉ាស៊ីនកិនស្រូវចាស់ ស្ថិតនៅភូមិស្ទឹង២ ឃុំសំរោងធំ ពេលនោះជនរងគ្រោះបានចេញពីផ្សារ និងបានយកកូនតូចទៅផ្ញើបងស្រី រួចដើរជាមួយជនសង្ស័យជាមនុស្សស្រីទាំង២នាក់ សំដៅទៅរោងម៉ាស៊ីនកិនស្រូវចាស់។ ពេលទៅដល់ស្រាប់តែមានម៉ូតូហុងដា២គ្រឿងបានមកឌុបជនរងគ្រោះនិងមនុស្សស្រីទាំងពីរនាក់(ជនសង្ស័យ)សំដៅ ទៅភ្នំពេញ ពេលជិះដល់មុខវត្តគង្គាស្ទឹង ម៉ូតូក៏ឈប់ ហើយអ្នកទាំងបី(ជនរងគ្រោះនិងជនសង្ស័យជាមនុស្សស្រីទាំងពីរនាក់) ចុះទៅនិយាយគ្នាដោយជនសង្ស័យជាស្ត្រីទី១បានហុចដុំមាសឲ្យជនរងគ្រោះយកទៅលក់ តែជនរងគ្រោះប្រកែកថាមិនយកទេ ហើយថា បងឯងយកទៅលក់ទៅ ។ ជនសង្ស័យឮ ដូចនេះក៏និយាយលួងលោមឲ្យជនរងគ្រោះទុកចិត្តនិងព្រមដោះគ្រឿងអល័ង្កាប្រគល់ទៅឲ្យពួកគេហើយពួកគេបានប្រគល់ស្បោងថា ជាដុំមាស មកឲ្យជនរងគ្រោះយកទៅលក់ជាមួយជនសង្ស័យជាស្ត្រីម្នាក់ទៀត រួចក៏នាំគ្នាដើរឡើងមកថ្នល់ជាតិវិញ ។
ពេលមកដល់ថ្នល់ជាតិមានម៉ូតូ១គ្រឿងទៀតបានមកឌុបស្ត្រីទាំងពីរនាក់ ជាជនសង្ស័យឡើងទៅភ្នំពេញបាត់ទៅ ។
ចំណែកជនរងគ្រោះបានឡើងជិះម៉ូតូរបស់ឈ្មោះដួង សុខន ដែលជាបក្ខពួកមនុស្សស្រីទាំងពីរនាក់នោះ និងបានប្រាប់ឲ្យជិះកៀកជា
មួយម៉ូតូដែលជនសង្ស័យជាស្ត្រីជិះ តែឈ្មោះ ដួង សុខន ថា ៖ខ្ញុំមិនអាចជិះកៀកបានទេ ពីព្រោះខ្ញុំមិនមែនម៉ូតូឌុបទេ ខ្ញុំមកនិមន្តលោកទេ ឮដូចនេះជនរងគ្រោះសង្ស័យក៏បានស្រែកឆោឡោថា ៖ ចោរៗ ពេលនោះបានអ្នក ស្រុកចេញមកជួយចាប់ឃាត់ខ្លួនរួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ រួចកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យទាំងពីរ មកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។
ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់