ព័ត៌មានជាតិ

ព្រោះរឿងឌឺដង! កើតហិង្សា វាយតប់ និងកាប់គ្នា ម្នាក់ដេកពេទ្យ ឯម្នាក់ទៀតចូលប៉ុស្តិ៍

កណ្តាលៈ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី​ ០៨ ខែមករា​ ឆ្នាំ២០១៩​ មានករណីហិង្សាដោយចេតនា បណ្តាលយុវជនម្នាក់រងរបួសយ៉ាងដំណំ នៅចំណុច​ភូមិពោធិកណ្តាល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

ជនរងគ្រោះ​ ឈ្មោះ​ ចូន​ វាសនា​ ភេទប្រុស​ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិឃុំ​កើតហេតុ (​មានស្នាមមុតក្បាលចំនួន០១កន្លែង ) ចំណែកជនសង្ស័យ​ចំនួន០២នាក់៖ ទី១​.ឈ្មោះ​ គួរ មករា ភេទប្រុស​ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិប៉ាង ឃុំស្វាយប្រទាល​ ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​កម្មករ (ឃាត់ខ្លួន)
និងទី២ ​ឈ្មោះ​អឿន សំឯក ភេទប្រុស​ អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិប៉ាង​ ឃុំស្វាយប្រទាល ស្រុកស្អាង​ ខេត្តកណ្តាល​ មុខរបរ​ កសិករ​ (គេចខ្លួន)​។

វត្ថុតាងចាប់យករួមមាន៖
– ដាវចំនួន០១​
– ម៉ូតូចំនួន ០១គ្រឿ ម៉ាក​ C១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ កណ្តាល​ 1Z 9755 ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី​ ០៨ ខែ​មករា ឆ្នាំ​ ២០១៩ វេលាម៉ោង​ ៦ល្ងាច​មានឈ្មោះអឿន សំឯក បាននិយាយប្រាប់ឈ្មោះ
គួរ មករា ថាឈ្មោះ ចូន វាសនា បបួលមកវាយគ្នាមួយស្មើ ជាមួយ ឈ្មោះគួរ មករា ឯង។ ពេលឮដូច្នេះ​ឈ្មោះ​ គួរ មករា​ ខឹងយ៉ាងខ្លាំង​ ហើយពេលនោះ​ឈ្មោះ​ អឿន សំឯក បានជិះម៉ូតូម៉ាក C១២៥ ចំនួន០១គ្រឿង ដោយមានលាក់ដាវចំនួន០១ ទៅជាមួយផង​ ឌុបឈ្មោះ​ គួរ មករា ដើម្បីចាំជួបឈ្មោះ​ចូន វាសនា នៅម្តុំផ្លូវចូលវត្តពោធិអណ្តែត ពេលទៅដល់បានជួបឈ្មោះចូន វាសនា ភ្លាមនោះ ឈ្មោះ​គួរ មករា បានស្ទុះទៅវាយតបជាមួយឈ្មោះ ចូន វាសនា​ ដោយដៃ ចំណែកឈ្មោះចូន វាសនា​ ក៏បានវាយតបវិញ​ដែរ ពេលនោះ ឈ្មោះ អឿន​ សំឯក បានយកដាវ​កាប់​ទៅលើឈ្មោះចូន វាសនា ចំក្បាលចំនួនមួយដាវ បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅពេទ្យព្យាបាលរបួស និងរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះអន្ដរាគមន៍ ដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលស្វាយប្រទាល ធ្វើការឃាត់ខ្លួន​បានឈ្មោះ​គួរ មករា។ រីឯឈ្មោះ​ អឿន សំឯក បានគេចខ្លួនបាត់។

បច្ចុប្បន្ន​ជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការនគរបាលស្រុកស្អាង​ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់