ភ្នំពេញៈ យុវជនម្នាក់បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានលីយ៉ុងផាត់ តែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពានឧកញ៉ា លី យ៉ុងផាត់ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះ សេង វីរៈទូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវសេ នៅក្នុងបុរីពិភពថ្មី ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានម្តាយឈ្មោះ កែវ សុម៉ាលី។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបចេញពីផ្ទះមិត្តភក្តិនៅម្តុំស្វាយប៉ាក ដោយជិះក្នុងតម្លៃ៥០០០រៀល លុះជិះមកចំណុចពាក់កណ្តាលស្ពាន ជនរងគ្រោះបានឲ្យម៉ូតូឌុបឈប់ រួចបានឲ្យលុយទៅម៉ូតូឌុប ហើយក៏បានលោតចុះពីលើស្ពានតែម្តង។ ដោយឃើញដូចនោះ ប្រជាពលរដ្ឋដែលនេសាទនៅជិតកន្លែងកើតហេតុ ក៏បានចេញទូកទៅជួយសង្គ្រោះទាន់ពេលវេលា។
ក្រោយមកកម្លាំងសមត្ថកិច្ចបានមកដល់ ហើយបានធ្វើការសួរនាំជនរងគ្រោះ អំពីមូលហេតុ ហើយជនរងគ្រោះបាននិយាយប្រាប់ថា ដោយសារតែរូបគេត្រូវបានយកម៉ូតូ៥គ្រឿងទៅលក់ស៊ីចាយ និងជក់ថ្នាំញៀន ទើបម្តាយរបស់គេកាត់ការចោល ហើយមិនឲ្យចូលផ្ទះទៀត។ ក្រោយមករូបគេបានសម្រេចចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនតែម្តង ដោយហេតុតែលោតទឹកសម្លាប់ខ្លួនពិបាកពេកបានហែលមកវិញ ក៏ត្រូវបានអ្នកនេសាទនៅទីនោះជួយសង្គ្រោះតែម្តង។
ក្រោយមកសមត្ថកិច្ចបាននិយាយលួងលោមជនរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏បានយល់ព្រមទៅផ្ទះវិញ ដោយសមត្ថកិច្ចបានចេញថ្លៃម៉ូតូឌុបឲ្យតម្លៃ១០០០០រៀល៕
https://youtu.be/zYNNnkLS_ds
មតិយោបល់