ព័ត៌មានជាតិ

រថយន្ត​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ​ ពន្លះម៉ូតូ១គ្រឿង​ របួសធ្ងន់​២​នាក់​ !!!

បន្ទាយ​មាន​ជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ប្រុស​២​នាក់​ បាន​រង​របួសធ្ងន់​ ម្នាក់​បាកជើង​និង​ដៃ​ ម្នាក់​ទៀត​បែកក្បាល​ ត្រង់​ចំណុច​ខាងជើង​ផ្លូវ​អក្សរ​T​ ចម្ងាយ១៥០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ត្រាង​ ឃុំ​ភ្នំ​ដី​ ស្រុក​ភ្នំស្រុក​ ខេត្ដបន្ទាយមានជ័យ​ ។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង៦និង៣០​នាទីល្ងាច កាលពី​ទី​៨​ ខែមករា​ ឆ្នាំ​២០១៩​ ។​

​យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៖​ នៅ​វេលា​ម៉ោង​កើតហេតុ​បានឃើញ​ក្មេង​ប្រុស​២​នាក់​ ជិះ​ម៉ូតូ​ជាមួយ​គ្នា​RSX​ ស៊េរី​២០១៥​ ពណ៌​ក្រហម​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1M-6583​ ។​ អ្នកបើកបរ​ម៉ូតូ​ ឈ្មោះ​ ឡុ​ញ​ អ៊ីស៊ិ​ញ​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ នៅ​រស់​ភូមិ​ថ្នល់​ដាច់​ ឃុំ​ភ្នំ​ដី​ ស្រុក​ភ្នំស្រុក​ ខេត្ដបន្ទាយមានជ័យ​ និង​អ្នក​រួម​ដំណើរ​ដោយ​ឈ្មោះ​ ព្រាន​ ចាន់​សួន​ ប្រុស​អាយុ​១២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ជើង​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ Hyandai​ ពណ៌​ក្រហម​ ជា​រថយន្ដ​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​អង្គរ​ ចង្កូត​ស្ដាំ​ ពាក់​ស្លាក​លេខ​ BMC​ 0017​ បើក​ច្រាសទិស​គ្នា​ បើកបរ​ដោយ​ឈ្មោះ​ សាន​ ម៉ា​ន់ទី​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ភូមិ​រោង​គុន​ ឃុំ​ឬ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ បាន​បុក​ម៉ូតូ​ពេញទំហឹង​ បណ្តាល​ឲ្យ​ឈ្មោះ​ ឡុ​ញ​ អ៊ីស៊ិ​ញ​ បាក់ជើង​ខាងឆ្វេង​ និង​បាក់ដៃ​ខាងឆ្វេង​ ។​ រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ​ ព្រាន​ ចាន់​សួន​ រង​របួស​បែកក្បាល​និង​របួស​ខ្នងជើង​ខាងឆ្វេង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ៖​ ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ទាំង២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ខេត្ដសៀមរាប​ដើម្បី​ធ្វើការ​សង្គ្រោះ​ ។​

​បច្ចុប្បន្ន​ រថយន្ត​បង្ក​ និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ ដើម្បី​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី​ច្បាប់​ ៕

មតិយោបល់