កណ្តាលៈ មានករណី ជនសង្ស័យម្នាក់ បានប្រើល្បិចកល ធ្វើសកម្មភាពចាប់រំលោភក្មួយស្រីខ្លួនឯង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ ប ណ រ ភេទស្រី អាយុ១៧ឆ្នាំ (មានស្នាមកូតចំនួន ០៣កន្លែង,ដើមដៃ និងកំពួនដៃឆ្វេង) ។ ចំណែកជនសង្ស័យ ឈ្មោះប៉ុក អាមីឡា ភេទប្រុស អាយុ៣៨ឆ្នាំ ។
មុនពេលកើតហេតុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ជនសង្ស័យនិងប្រពន្ធ ត្រូវជាពូ និងមីងរបស់ជនរងគ្រោះ បានបបួលជនរងគ្រោះទៅរកទិញអីហូបនៅផ្សារកែងកាច់ជ្រុងតាខ្មៅ ក្រុងតាខ្មៅ ដោយនាំគ្នាជិះម៉ូតូ០១គ្រឿង មានគ្នា៣នាក់ ម៉ាកFZ ពណ៌ខៀវ បានជិះកាត់ផ្លូវលំទួលអន្សែ ភូមិលេខ២ ឃុំស្វាយរលំ ។ លុះពេលមកដល់ចំណុចកើតហេតុ បានជិះម៉ូតូចូលផ្លូវលំតូច ហើយជនសង្ស័យបានឈប់ម៉ូតូរបស់ខ្លូនហើយដេញប្រពន្ធឲ្យដើរចេញឲ្យឆ្ងាយពីខ្លួន បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបានសម្រេចបានចំនួន១ដង ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចហើយ ក៏បានប្រាប់ជនរងគ្រោះថាកុំឲ្យប្រាប់រឿងនេះអ្នកណាដឹងឲ្យសោះ ហើយអ្នកទាំង៣នាក់ បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះរបស់ខ្លួនជនរងគ្រោះបានរៀបរាប់ប្រាប់ម្ដាយរបស់ខ្លួនឲ្យបានដឹងពីរឿងហេតុ។ បន្ទាប់មកម្តាយ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ហើយសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការកោះហៅជនសង្ស័យមកសាកសួរ ប៉ុន្តែជនសង្ស័យបានប្រកែកថា មិនបានប្រព្រឹត្តដូចការរៀបរាប់របស់ជនរងគ្រោះនោះទេ ។
យោងតាមសាក្សី ភស្តុតាង និងការរៀបរាប់របស់ជនរងគ្រោះ គឺជនសង្ស័យពិតជាបានប្រព្រឹត្តពិតប្រាកដមែន ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់