ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន កាពីតូល មួយគ្រឿង បំពានភ្លើងសញ្ញាចរាចរណ៍ទៅកៀររថយន្តហាយឡែនឌ័រមួយគ្រឿងទៀត ដែលកំពុងឈប់ស្តុប នៅត្រង់ចំណុចស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ភ្លាមៗនោះរថយន្តក្រុង ក៏ព្យាយាមបើករត់គេចខ្លួន ទៅឈប់នៅខាងមុខចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល ក្បែរនិងក្រុមហ៊ុនលីហួរ ដែលនៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៩ខែមករា ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AQ-2034 និងរួមដំណើរជាមួយបុរសនារីចំនួនបីនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចស្តុបត្រឡោកបែក ដែលជាកន្លែងកើតហេតុ រថយន្តខាងលើ ក៏បានឈប់រង់ចាំស្តុបបៃតង ខណៈពេលនោះក៏ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងទៀត ពណ៌សលាយក្រហម ជាប្រភេទ៤២កៅអី របស់ក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខ ភ្នំពេញ3A-7314 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ស្របទិសគ្នាមកពីក្រោយ ហើយបានព្យាយាមបើករុល មកខាងឆ្វេងរថយន្តហាយឡែនឌ័រខាងលើ ទាំងបំពានភ្លើងសញ្ញាចរាចរណ៍ បណ្ដាលឲ្យកៀររថយន្តហាយឡែនឌ័រចំកាងខាងក្រោយ ចំហៀងខាងឆ្វេងរងការខូចខាត។
ក្រោយកើតហេតុរថយន្តបង្ក បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ។ ភ្លាមៗនោះរថយន្តរងគ្រោះ ក៏បានបើកដេញតាមមកពីក្រោយរថយន្តបង្ក រហូតទៅដល់ខាងចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូលខាងលើ ទើបរថយន្តបង្កព្រមឈប់រថយន្ត ប៉ុន្តែអ្នកបើកបររថយន្ត មិនបានចុះមកធ្វើការដោះស្រាយគ្នា ជាមួយរថយន្តរងគ្រោះនោះទេ ហើយថែមទាំងដេកលក់នៅក្នុងរថយន្តថែមទៀតផង។
បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ ដាស់អ្នកបើកបររថយន្តឲ្យចុះ មកដោះស្រាយគ្នា។ ប៉ុន្តែខណៈនោះអ្នកបើកបររថយន្តបង្ក ចុះពីលើករថយន្តរួច បែបជាធ្វើដូចជាមិនដឹងរឿងអី ហើយប្រកែកថា មិនបានបើករថយន្តកៀររថយន្តរងគ្រោះនោះទេ។ ទើបជជែកគ្នារកខុសត្រូវ រហូតដល់ប្រមាណ១ម៉ោងក្រោយមក ដោយភាគីខាងរថយន្តរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយត្រឹមពាក្យសុំទោសរបស់អ្នកបើកបររថយន្តបង្ក៕
មតិយោបល់