ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច កាលពីខែមីនា ឆ្នាំ២០១៨ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ឥឡូវសមត្ថកិច្ចខណ្ឌសែនសុខទើបតែចាប់ខ្លួនបាន។
ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង៥នាទី នៅចំណុច ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តាមចំណារឯកភាពរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុច ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ នោះទី១ឈ្មោះ យ៉េន គឹមស័ក្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (គ្មានសារធាតុញៀន)។ ទី២ឈ្មោះ យ៉េង យូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ពុំបានដាក់ពាក្យបណ្តឹង) ។
សម្ភារបាត់បង់៖ កាបូបប្រាក់ដៃមនុស្សស្រី ចំនួន១ មានលុយចំនួន១៥ដុល្លារ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុថ្ងៃទី០៨ខែមករាឆ្នាំ២០១៩ វេលាម៉ោង ២៣ និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងល្បាតយើង បានហៅជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យ និងសួរនាំ។
ក្រោយមក ជនសង្ស័យខាងលើបានសារភាពថាខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់កាបូបដៃពីមនុស្សស្រីម្នាក់ ធ្វើដំណើរតាមផ្លូវ ម្តុំភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីខែមីនា ឆ្នាំ២០១៨ ទើបមានចំណារឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញញអនុញ្ញាតឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕
មតិយោបល់