ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្តបើកវ៉ាជែង បណ្តាលឲ្យប៉ះម៉ូតូដួល ខ្ទាតអ្នកជិះចូលក្រោមកង់កិនស្លាប់ និងរបួសធ្ងន់២នាក់

0

កំពង់ឆ្នាំង: នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបើកវ៉ាជែង បណ្តាលឲ្យម៉ូតូដួលខ្ទាតអ្នកបើកបរ ត្រូវកិនស្លាប់និងរងរបួសធ្ងន់មនុស្ស២នាក់ នៅចំណុចផ្លូវជាតិលេខ៥ គីឡូម៉ែតលេខ ៤៥-៤៦ ស្ថិតនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣A ៩១៣៣ អ្នកបើកបរឈ្មោះ ម៉ៅ សុខមី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិអូតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានឡើងវ៉ាម៉ូតូ បណ្ដាលឲ្យម៉ូតូដួលខ្ទាតអ្នកជិះពីក្រោយ ចូលកង់រថយន្តខាងក្រោយ ផ្នែកខាងស្ដាំ បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ នាង គន្ធា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ និងអ្នកបើកបររងរបួសជើងខាងឆ្វង ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់