ព័ត៌មានជាតិ

​គ្រូ​វិទ្យាល័យចេកម្នាក់ ត្រូវរថយន្តដឹកដីបុកពីក្រោយ រងរបួសធ្ងន់!

ស្វាយរៀង: នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗតែម្តង នៅលើផ្លូវជាតិលេខ​១ ចន្លោះគីឡូម៉ែតលេខ​១២២-១២៣ ភូមិ ធ្មល់ សង្កាត់ ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ អ៊ុក ថុន ភេទប្រុស អាយុ​៥៥​​ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យចេក រស់នៅភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។

​តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានជនរងគ្រោះខាងលើ​ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ​១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ស្វាយរៀង1H-9699​ ជិះពីកើតទៅលិច។ លុះមកដល់ចំណុច​បានបត់ឆ្វេងដោយមិន​ប្រយ័ត្ន ក៏ត្រូវរថយន្ដបែនដឹកដី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង3A-1815 បើកក្នុងទិសដៅស្របគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់​តែម្ដង។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំ​មធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅការិល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់​៕

មតិយោបល់