ព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ ឯកឧត្តម ខៀវ កាញារិទ្ធ អមដំណើរដោយមន្ត្រីអ្នកមុខអ្នកការក្រសួងព័ត៌មាន បាននាំយកអំណោយ ជូនដល់លោក ប៊ុន ហឿម អតីតអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ដែលកំពុងដេកឈឺ នៅមន្ទីរពេទ្យ ព្រះកុសមៈ ឬពេទ្យលោកសង្ឈ ។
អំណោយដែលឯកឧត្តម ខៀវ កាញារិទ្ធ ផ្តល់ឲ្យ រួមមាន អង្គរមួយ ៥០ គីឡូក្រាម មី និងទឹកស៊ីអ៊ីវ រួមទាំងថវិការផ្ទាល់ខ្លួនរបស់ឯកឧត្តម ផងដែរ ។
ជាមួយនឹងវត្តមាន ឯកឧត្តម ខៀវ កាញារិទ្ធ ចុះទៅសួរសុខទុក្ខនេះ លោក ប៊ុន ហឿម បានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ រកអ្វីថ្លែងពុំបានដែល ឯកឧត្តម ខៀវ កាញារិទ្ធ បានចំណាយពេលដ៏មានតម្លៃ ចុះមកសួរសុខទុក្ខ លោក ដែលកំពុងដេកឈឺ នៅមន្ទីរពេទ្យ ។ ឯកឧត្តម ខៀវ កាញារិទ្ធ បានមានប្រសាសថា ការចុះមកសួរសុខទុក្ខនេះ មិនមែនមានតែលើកនេះនោះទេ លោកនឹងចុះមកម្តងទៀត នៅលើកក្រោយ ។
ក្នុងថ្ងៃជាមួយនឹងគ្នានោះដែរ ឯកឧត្តម ខៀវ កាញារិទ្ធ ក៏បានឈាងទៅសួរសុខទុក្ខ តារាចម្រៀង នូ ស៊ិប ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដេកឈឺ នៅផ្ទះជួល ដោយនាំអំណោយ អង្គរ ទឹកស៊ីអ៊ីវ មី និងថវិការផ្ទាល់ខ្លួនរបស់ឯកឧត្តម ។
ជាមួយនឹងសកម្មភាពនេះ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើឯកឧត្តមយកចិត្តទុកដាក់លើមន្ត្រីក្រោមឱវាទ ឬយ៉ាងណា ? ឯកឧត្តម ខៀវ កាញារិទ្ធ បានតបវិញថា លោកមិនមែនមើលឃើញតែមន្ត្រីក្រោមឱវាទនោះទេ នរណាក៏លោកជួយដែរ ឲ្យតែទទួលបានព័ត៌មាន ថាឲ្យលោក ជួយ ។
បញ្ជាក់ផងដែរ ឯកឧត្តម ខៀវ កាញារិទ្ធ កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ក៏បានចុះទៅសាកសួរសុខទុក្ខ លោកផ្លុង មឿក តារាចម្រៀង អាយ៉ៃជើងចាស់ នៅភូមិត្រពាំងត្រយឹង ក្នុងបុរីសន្តិភាព ២ ដោយមានអំណោយក្នុងដៃ អង្គរ មី និងទឹកស៊ីអ៊ីវ និងថវិកា របស់ឯកឧត្តម ដើម្បីជួយសម្រួលដល់ ការខ្វះខាតតារាចម្រៀងអាយ៉ៃជើងចាស់នេះ ដែលកំពុងដេកឈឺនៅផ្ទះ ៕
មតិយោបល់