ស្រីលង្កាៈ អង្គភាពប្រព័ន្ធផ្សព្វផ្សាយកងទ័ពជើងទឹក នៅថ្ងៃពុធនេះ បាននិយាយថា កងទ័ពជើងទឹកស្រីលង្កា បានជួយឆ្មាំសមុទ្រស្រីលង្កា ដើម្បីចាប់ខ្លួនអ្នកនេសាទឥណ្ឌា ១៧ នាក់ ទាក់ទងនឹងការនេសាទខុសច្បាប់ ក្នុងដែនទឹករបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
អ្នកអូសអួនឥណ្ឌាពីរនាក់ ត្រូវបានគេឃុំឃាំងផងដែរ នៅពេលដែលអ្នកនេសាទទាំងនោះ ត្រូវបានចាប់ខ្លួន នៅភាគខាងកើតតំបន់ Point Pedroនៅក្នុងកោះសមុទ្រភាគខាងជើង។
ស្រីលង្កា និងឥណ្ឌា បានព្យាយាមដោះស្រាយបញ្ហាអ្នកនេសាទនេះ ជាយូរមកហើយ ដែលភាគីនេសាទទាំងពីរ បានប្រឈមនឹងការចាប់ខ្លួន និងទូកត្រូវបានឃាត់ឃាំង នៅពេលពួកគេវង្វេងចូលទៅក្នុងដែនទឹករបស់គ្នាទៅវិញទៅមក ដោយខុសច្បាប់។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌា និងស្រីលង្កា បានធ្វើការពិភាក្សាគ្នាជាច្រើនដង នៅក្នុងរយៈពេលកន្លងមក និងបានព្រមព្រៀងគ្នាស្វែងរកដំណោះស្រាយយូរអង្វែង ដើម្បីដោះស្រាយបញ្ហានេះ៕
មតិយោបល់