ព័ត៌មានជាតិ

ខំទុកចិត្តឲ្យខ្ចីម៉ូតូ ចុងក្រោយធ្វើស៊ីឯង…!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣០នាទីរសៀល ​ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូមិនប្រគល់ឲ្យម្ចាស់វិញ) នៅចំណុចតាមផ្លូវលំ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​មាន​ឈ្មោះ ឌី ឆេងលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)​។ ជនរងគ្រោះ​មានឈ្មោះ ស្រុង រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ផ្ឡូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុនដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-5549 របស់ជនរងគ្រោះ​។

តាមដំណើររឿងបានឲ្យដឹងថានៅ មុនពេលកើតហេតុជនសង្ស័យខាងលើបានខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ជនរងគ្រោះថាខ្ចីម៉ូតូទៅដូរលុយ បន្ទាប់មកជនរងគ្រោះបានប្រគល់ម៉ូតូទៅឲ្យជនសង្ស័យខ្ចី ពេលនោះជនសង្ស័យក៏បានជិះម៉ូតូចេញទៅបាត់។ មួយសន្ទុះក្រោយមក ជនសង្ស័យក៏បានត្រឡប់មកវិញដោយមិនឃើញម៉ូតូមកជាមួយ ទើបជនរងគ្រោះមកប៉ុស្តិ៍រដ្ឋបាលឃ្មួញដើម្បីដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់