ព័ត៌មានជាតិ

សមត្ថកិច្ចធ្វើតេស្តពិនិត្យទៅលើ ខ្ទឹមស ប៉េងប៉ោះ ឆៃថាវ ស្ពៃក្ដោប ម្ទេស ត្រប់ ស្ពៃជ្រក់ រកឃើញកាកសំណល់ថ្នាំកសិកម្ម នៅលើគំរូ ម្ទេសគ្រាប់

រតនគិរីៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ប្រចាំច្រកព្រំដែនអូរយ៉ាដាវ ដោយមានការចូលរួមសហការពី ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទំនិញ ដែលនាំចូលពីបរទេស ក្នុងគោលបំណងទប់ស្កាត់ ការនាំចូលផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូផលិតផលទំនិញ ចំនួន ១៨ គំរូរួមមាន៖ ខ្ទឹមស ប៉េងប៉ោះ ឆៃថាវ ស្ពៃក្ដោប ម្ទេស ត្រប់ ស្ពៃជ្រក់។ល។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញមានសារធាតុកាកសំណល់ថ្នាំកសិកម្ម នៅលើគំរូ ម្ទេសគ្រាប់ ចំនួន ៣ គីឡូក្រាម។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយឡែកទំនិញមានសារធាតុកាកសំណល់ថ្នាំកសិកម្ម ត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល៕

មតិយោបល់