ព័ត៌មានជាតិ

Update៖ ជិះម៉ូតូមិនប្រយ័ត្ន ដល់ផ្លូវកោងជ្រុលទៅបុករថយន្តក្រុមហ៊ុន គន់ យី ស្លាប់២នាក់យ៉ាងរន្ធត់!​

ព្រះសីហនុ: កាលពី​វេលាម៉ោង៣និង៣០នាទីរសៀល ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ២០១៩ លើផ្លូវ ៧០៤ ត្រង់ចំណុចជិតភូមិគ្រឹះជំទាវមេទ័ព្ធម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ​ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់មនុស្ស២នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក SUZUKI LET ពណ៌​ផ្កាឈូក-ស ពាក់ស្លាកលេខ ភ្នំពេញ1GI-4301 ជិះដោយឈ្មោះ ហ៊ីង ចាន់ពន្លក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ និងរួមដំណើរម្នាក់ឈ្មោះ មិនស្គាល់អត្តសញ្ញាណ អ្នកទាំង២នាក់ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅលិច។ លុះមកដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោងបានជ្រុលទៅបុក នឹងរថយន្ត​ម៉ាក SANY ពណ៌​ស ពាក់ស្លាកលេខ ព្រះសីហនុ5A-0519 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) មានទិសដៅផ្ទុយគ្នា ចំណែករថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុន គន់ យី មានទីតាំងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ហេតុការណ៍គ្រោះថ្នាក់នេះបង្កឲ្យស្លាប់មនុស្សចំនួន​២នាក់ ស្លាប់ភ្លាមនៅន្លែងកើតហេតុ​៖
១-ឈ្មោះ ហ៊ីង ចាន់ពន្លក អ្នកបើកបរម៉ូតូ ស្លាប់ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
២-ឈ្មោះ មិនស្គាល់អត្តសញ្ញាណ អ្នករួមដំណើរ ស្លាប់ កំពុងស្រាវជ្រាវរកអត្តសញ្ញាណ និង ក្រុមគ្រួសារ ។

ចំពោះករណី ​វត្ថុតាងរថយន្ត​នឹងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់