កំពង់ស្ពឺៈ រថយន្ដដឹកថ្មភ្នំលើសទម្ងន់ច្បាប់កំណត់មួយគ្រឿង បានបង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានផ្សាកំពង់ស្ពឺ មុខធនាគារABA បណ្ដាលមកពីការរបូតកង់រត់ចេញពីរថយន្ដ ហើយរថយន្ដបានរេចង្កូតឡើង ទៅប៉ះដៃស្ពានបម្រុងធ្លាក់តែសំណាងល្អបានបង្កាន់ស្ពានរឹងមាំទប់ រថយន្ដបង្កមានស្លាកលេខចង្កូតស្ដាំ PP2652 ម៉ាកNissan ក្បាលពណ៌ខៀវ ទ្រុងពណ៌ប្រផេះ មានអក្សរសំគាល់ X12 បិតឡូហ្គូ មន្ទីរសាធារណការក្រុង អ្នកបើកបរឈ្មោះ កេន គីម ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិទួលសាម៉ ឃុំទួលសាម៉ ស្រុកអង្គរស្នួល ខេត្តកណ្តាល សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដយកមករក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយផលប៉ះពាល់សងសំណងពិនិត្យតាមផ្លូវច្បាប់ទ្រព្យសម្បត្ដិសាធារណៈ។
សូមបញ្ជាក់ថារថយន្ដដឹកថ្មនេះជាប្រភេទរថយន្ដ កែច្នៃនៅក្នុងស្រុកដោយជាងបានកែប្ដូរកង់ ប្ដូរប៉ុង បន្ថែមទ្រុងបែនខុសលក្ខណៈបច្ចេកទេសដើម ជាប្រភេទរថយន្ដគ្មានពន្ធនាំចូលទៀតផង ជាការនាំចូលគ្រឿងបន្លាស់រថយន្ដរួចយកមករៀបចំបង្គំចូលគ្នា តម្លើងចេញជារថយន្ដ ហេតុនេះហើយទើបការដឹកធ្ងន់បណ្ដាលអោយដាច់កង់រត់ចោលរថយន្ដតែម្ដង សំណូមពរអោយគ្រប់ជំនាញមេត្ដាពិនិត្យលក្ខណៈបច្ចេកទេសរថយន្ដប្រភេទនេះផង ពិសេសថ្មីៗនេះ ក្នុងសន្និបាទក្រសួង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការបានប្រកាសថានិងចាត់វិធានការចំពោះយានដ្ឋានកែច្នៃ ផ្សារទ្រុងបន្ថែម អនុវត្តច្បាប់ជាដាច់ខាត៕
មតិយោបល់