ព័ត៌មានជាតិ

សហរដ្ឋអាមេរិក និងអង់គ្លេសបាននិយាយថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើនាវាដឹកប្រេងឥន្ធនៈដែលគ្រប់គ្រងដោយអ៊ីស្រាអែល

(Reuters)៖ – កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក និងអង់គ្លេសបាននិយាយថា ពួកគេជឿជាក់ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើនាវាដឹកប្រេងឥន្ធនៈដែលគ្រប់គ្រងដោយអ៊ីស្រាអែលនៅឆ្នេរសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ ដោយពួកគេសន្យាថា​ នឹងធ្វើការជាមួយដៃគូដើម្បីឆ្លើយតបចំពោះហេតុការណ៍នេះ។

កាលព្រឹកថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះទេ បន្ទាប់ពីខ្លួនត្រូវបានអ៊ីស្រាអែលស្តីបន្ទោស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា “នៅពេលពិនិត្យមើលព័ត៌មានដែលកើតឡើង យើងជឿជាក់ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារនេះដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់មនុស្សស្លូតត្រង់ពីរនាក់” ដោយលោកបានបន្ថែមថា “មិនមានមូលហេតុច្បាស់លាស់” សម្រាប់ការវាយប្រហារនេះទេ។

លោក Blinken បាននិយាយបន្ថែមថា “យើងកំពុងធ្វើការជាមួយដៃគូរបស់យើង ដើម្បីពិចារណាជំហានបន្ទាប់ និងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលនៅក្នុងតំបន់និងប្រទេសដទៃទៀត ហើយនឹងមានការឆ្លើយតបសមស្របមួយ​នាពេលខាងមុខនេះ”។

នៅព្រឹកថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយថា ការវាយតម្លៃរបស់ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ទំនងជាអ៊ីរ៉ង់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ឬ ច្រើនគ្រឿង ដើម្បីធ្វើការវាយប្រហារនេះដោយ “ខុសច្បាប់ និងឃោរឃៅ”។

លោកបាននិយាយបន្ថែមថា “យើងជឿជាក់ថា ការវាយប្រហារនេះគឺជាចេតនា និងគោលដៅយ៉ាងច្បាស់លាស់ក្នុងការរំលោភបំពានច្បាប់អន្តរជាតិដោយប្រទេសអ៊ីរ៉ង់”។ លោកបានបន្ថែមថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយដៃគូអន្តរជាតិចំពោះ “ការឆ្លើយតបរួមគ្នា”។

ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងនាវាដឹកប្រេង Mercer Street ដោតទង់ជាតិប្រទេស Liberia ដែលជានាវារបស់ប្រទេសជប៉ុន និងគ្រប់គ្រងដោយក្រុមហ៊ុន Zodiac Maritime ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ៕

មតិយោបល់