ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន០៤នាក់ ករណីកែច្នៃកាំភ្លើងដាក់គ្រាប់កង់ ដើរបរបាញ់សត្វ

បាត់ដំបង: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣២នាទី នៅចំណុចក្រុមទី១៤ ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក ចុះប្រតិបត្តិការ បង្ក្រាបករណី កែច្នៃ ដំឡើង ជួសជុល កាន់កាប់ និងចែកចាយ ( អាវុធកែច្នៃបាញ់គ្រាប់កង់ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៤នាក់ ទៅកាន់ស្នងការដ្ឋានក្នុងនោះមាន៖

១-ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ២៦ ឆ្នាំ
២-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ៣០ ឆ្នាំ
៣-ឈ្មោះ ឈឿង សុភក្រ្ត ភេទប្រុស អាយុ ២៦ឆ្នាំ
៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យចំនួន០៤នាក់ខាងលើ មានទីលំនៅ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖
– កាំភ្លើង កែច្នៃ បាញ់គ្រាប់កង់ចំនួន០៥ ដើម
– ដង ឈើ កែច្នៃ ធ្វើស្វ័យកាំភ្លើងចំនួន០២ ដើម
– កាំបិត កែច្នៃ ចំនួន០១ ដើម
– ពូថៅ ចំនួន០១
– គ្រាប់ កង់ (បាដាង) ចំនួន០២ កំប៉ុង
– ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ ខៀវ ០១ គ្រឿង
– កាបូប ស្ពាយ ពណ៌ កាហ្វេ ចំនួន ០១
– អាវ ប៉ារ៉ា ដៃវៃងចំនួន០១
– ម៉ូតូ ចំនួន០៣ គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថា ខ្លួនបានកែច្នៃ ដំឡើង (អាវុធ កែច្នៃ បាញ់ គ្រាប់កង់បាដាង) បានចំនួន០៧ ដើម កន្លងមកហើយ ហើយក៏បានលក់ទៅឱ្យអ្នកស្គាល់គ្នា នៅភ្នំពេញបានចំនួន០៣ ដើមផងដែរ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួន ពួកគេកំពុងដើរបរបាញ់សត្វ នៅក្នុងមូលដ្ឋានខាងលើ ហើយសកម្មភាពនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅមូលដ្ឋាន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកំពុងតែធ្វើការ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់