បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១ និង ០០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូបូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជំរិតទារប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា៖ យោងពាក្យបណ្តឹងរបស់ ១-ឈ្មោះ Zhao Xiang ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ២-ឈ្មោះ Feng Yum Peng ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ Hoi Kue ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន អ្នកទាំងបីរស់នៅបណ្តោះអាសន្ន ក្នុងកាស៊ីណូបូរីសានស៊ានហូ ភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ Li Ming ភេទ ប្រុស អាយុ 2៨ឆ្នាំ ជនជាតិចិន ២-ឈ្មោះ Peng ShuzHou ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនសង្ស័យទាំង ០២នាក់ខាងលើ រស់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាព ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ៖ ជនសង្ស័យទាំង ០២នាក់ខាងលើ បានចូលមកដល់ក្នុងកាស៊ីណូ ហើយវាយទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យឈ្មោះ Hoi kue រងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងជនរងគ្រោះ ០២នាក់ទៀត រងរបួសស្រាល និងបានចាប់ថៅកែក្រៀកចូលឡាន ហើយគំរាមថា ឲ្យយកប្រាក់ចំនួន ១.០០០.០០០ដុល្លារ មកលោះថៅកែទៅវិញ បើមិនយកប្រាក់មកលោះទេ គេនឹងសម្លាប់ថៅកែចោល។
ពេលនោះជនរងគ្រោះ ០២នាក់ ដែលរងរបួសស្រាល បានបើករថយន្តដេញតាមរថយន្តជនសង្ស័យ ដើម្បីរំដោះថៅកែខ្លួនវិញ ពេលឃើញក្រុមខ្លួនដេញតាមជួយថៅកែ បានលោតចេញពីរថយន្តរបស់ក្រុមជនសង្ស័យ ហើយឡើងរថយន្ត របស់ក្រុមជនរងគ្រោះ ដែលដេញតាមជួយ ជិះត្រឡប់មកកាស៊ីណូវិញ ចំណែកក្រុមជនសង្ស័យ បានជិះរថយន្តគេចខ្លួន តាមផ្លូវជាតិលេខ៥ មិនដឹងទៅដល់ទីណានោះទេ ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់បន្ថែមថា ៖ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ពួកគេពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ដោយធ្វើទៅតាមការបញ្ជារបស់ថៅកែគេឈ្មោះ អាចេ ជាអ្នករៀបចគម្រោង និងជាអ្នកបញ្ជា ។ ចំណែកថៅកែឈ្មោះ អាចេ ជាជនជាតិចិន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានចូលរួមក្នុងបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជំរិតទារប្រាក់ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់