ព័ត៌មានជាតិ

នៅក្មេងមិនគិតខំរៀន បែរជាធ្វើចោរ ឆក់កាបូបស្រ្តីម្នាក់ គេចមិនរួចជាប់ខ្នោះ​​!

ភ្នំពេញៈ កាលពី​​វេលាម៉ោង​២១​និង​១៦​នាទី ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការល្បាតពួនស្ទាក់ជំនាញ និងបង្ក្រាប ក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន​២ នាក់ នៅចំណុចភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃម៉ាកPRADA ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨១ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់យកវត្ថុតាងមធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង និងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ មានឈ្មោះ ៖
១-ឈ្មោះ សួស ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខមិនចាំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី​២​ឈ្មោះ គឹម បញ្ញា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HF-9681។

ភស្តុតាងចាប់យក៖ កាបូបយួរដៃម៉ាកPRADA ពណ៌​ខ្មៅ ចំនួន​១ ,ទូរសព្ទ័ដៃ ចំនួន​២​​គ្រឿង ម៉ាកIPhone6Plus ពណ៌ ទឹកប្រាក់ និងម៉ាកNOKIA ពណ៌​ខៀវ , ប្រាក់ដុល្លារចំនួន ១៩ ដុល្លារអាមេរិក ,ប្រាក់រៀលចំនួន ១៥,០០០រៀល ,គ្រឿងអលង្ការធ្វើពីលោហធាតុ ពណ៌លឿងស្លេក(កាឡៃ) មួយចំនួន មានចិញ្ចៀន,ខ្សែក,ខ្សែដៃមានដាំត្បូង ចម្រុះពណ៌។

ជនរងគ្រោះ​ឈ្មោះ លឹម អេង ភេទ ស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៥ ផ្លូវលេខ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់