បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា មុខសញ្ញាជាមេខ្យល់នាំមនុស្សឆ្លងដែនទៅប្រទេសថៃម្នាក់ ក្នុងចំណោម០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ិក ឌត ឬប៉ិក ដូត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជននេះត្រូវបានកម្លាំងយោធាការពារព្រំដែនគោកវរសេនាតូចលេខ៥០៣ ល្បាតប្រទះឃើញកំពុងនាំពលករខ្មែរប្រុស-ស្រីចំនួន១១នាក់ ក្នុងនោះក្មេងតូចអាយុ០៣ខែ ម្នាក់លួចឆ្លងដែននៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ ។ ចំណែកពលករប្រុស ស្រីទាំង១១នាក់ ក្នុងនោះក្មេងប្រុសតូចម្នាក់ នាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសំចតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឡាយ គឺមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ិក ឌតឬប៉ិក ដូត បានសារភាពថា ខ្លួននិងបក្ខពួកគេចំនួន០២នាក់ទៀតរត់គេចខ្លួនបាត់ មានឈ្មោះ ឡុំ ភេទប្រុស និងឈ្មោះ ថា ភេទប្រុស ពិតជាបានធ្វើសកម្មភាពនាំមនុស្សចំនួន១១នាក់ ទាំងក្មេងប្រុសតូចម្នាក់ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃនោះពិតប្រាកដមែន ដោយយកកម្រៃជូនឆ្លងដែនក្នុងម្នាក់១០០បាត ពេលពួកខ្លួននាំពលករដើរទៅដល់ចំណុចតំបន់សនៃព្រំដែន ត្រូវបានកម្លាំងយោធាខ្មែរឃាត់ខ្លួនគេនិងពលករ១១នាក់ កុមារតូចម្នាក់ ទៅមណ្ឌលសុំចតអូរបីជាន់ ។
នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ទោឡាយ គឹមលួន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ ៕

មតិយោបល់