ព័ត៌មានជាតិ

រថយន្ត ALPHARD បើកបុករថយន្ត២គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើប ១គ្រឿងម៉ាក ALPHARD ពណ៌ស ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតជ្រុលទៅបុករះរថយន្ត ២គ្រឿង សំណាងល្អមិនមានអ្នករបួស គ្រាន់តែខូចខាតសម្ភារៈតែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដំណើររឿង៖ ដំបូងទ្បើយ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត១គ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5102 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះមុនីវង្ស។ លុះមកដល់ចំណុចកើតហេតុ សមត្ថកិច្ចដែលប្រចាំនៅគល់ដៅ
ស្ថានទូតបារាំង បានឃើញរថយន្ត ALPHARD បើកបរលឿន សង្ស័យអ្នកបើកងោកមួយភាំង ទើបរេចង្កូតជ្រុលទៅបុកនឹងរថយន្ត២គ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា ក្នុងនោះមានរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-6945 និងមួយគ្រឿងទៀតម៉ាកឆេឡេត ពណ៌ទឹកប្រាក់ ពាក់ផ្លាក
លេខ ភ្នំពេញ 2AV-9285 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុនីវង្ស ។

ដោយរថយន្តបង្កបុករថយន្តឆេឡេត ដែលដឹកកូនតូចៗ២នាក់ ចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តឆេឡេតខ្ទេចក្រពឹតទ្វារមួយចំហៀងខាងមុខផ្នែកខាងឆ្វេង រីឯរថយន្តហាយឡែនឌ័រវិញ ខូចខាតតិចតួចប៉ុណ្ណោះ ចំណែកឯរថយន្តបង្កវិញ
ខូចខាតដាច់ក្រឡេកង់មុខ ផ្នែកខាងឆ្វេង និងខ្ទេចអស់មួយចំហៀងខាងមុខផ្នែកឆ្វេងដូចគ្នា ហើយអ្នកបើកបររថយន្ត គាត់មិនព្រមទទួលខុសត្រូវទេ ទើបសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងហៅជំនាញចរាចរណ៍ឲ្យធ្វើការវាសវែងតែម្តង។

ក្រោយកើតហេតុ រថយន្តទាំងសងខាង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា ពេលក្រោយជាបន្តទៅទៀត៕

មតិយោបល់