ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខេត្តស្វាយរៀង ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចភ្នែកកាមេរ៉ាសុវត្ថិភាពយកទៅលក់ ។
តាមរបាយការណ៍របស់ កម្លាំងជំនាញនគរបាលក្រុងស្វាយរៀង ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក មានឈ្មោះ សុខ ចាន់ហ៊ួ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ បានរាយការណ៍មកសមត្ថកិច្ចថា មានករណីចោរលួចភ្នែកកាមេរ៉ាសុវត្ថិភាពនៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងចុះពង្រឹងក្រុងស្វាយរៀង និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ដើម្បីធ្វើការកំណត់មុខសញ្ញា ។ លុះដល់ម៉ោង ១១ថ្ងៃត្រង់ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ ណេប បូរ៉ា ភេទប្រុស អាយុ៤០ឆ្នមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចភ្នែកកាមេរ៉ាសុវត្ថិភាពចំនួន០៣គ្រឿង របស់ជនរងគ្រោះខាងលើប្រាកដមែន ហើយខ្លួនបានយកភ្នែកកាមេរ៉ាសុវត្ថិភាព ទៅអោយឈ្មោះ ញឹម អេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង យកទៅលក់ ប៉ុន្តែឈ្មោះនេះពុំបានទទួលយកទៅលក់ទេ រួចខ្លួនបានយកភ្នែកកាមេរ៉ាសុវត្ថិភាពទៅចោលក្នុងទឹក ហើយខ្លួនក៏ចេញមកផ្សារតែម្ដង ។ លុះក្រោយពេលដែលជនសង្ស័យ ឈ្មោះ ណេប បូរ៉ា ចេញផុត ក៏ស្រាប់តែឈ្មោះ ញឹម អេង បានចុះទៅក្នុងទឹករាវរកភ្នែកកាមេរ៉ាសុវត្ថិភាព បានចំនួន២គ្រឿង ហើយយកទៅលក់អោយឈ្មោះ សួស រតនា ហៅខ្លី អាយុ២៧ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ក្នុងតម្លៃ ០១គ្រឿង ៣០,០០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
មតិយោបល់