ព័ត៌មានជាតិ

មន្រ្តីយោធាស្រុកវាលវែងម្នាក់ បើកម៉ូតូលឿនបុកគូទរថយន្តចតចោល របួសធ្ងន់

ពោធិ៍សាត់: កាលពីវេលានម៉ោង ២ និង១០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ក្នុងគ្រាដែលបើកម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តដែលចតចោល។

ហេតុកាណ៍នេះ បានកើតឡើងនៅម្តុំផ្លូវចូលទៅភូមិតាដេស លើផ្លូវជាតិលេខ៥៥ ចន្លោះគីទ្បូម៉ែត្រ ៤០-៤១ ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ។

ជនរងគ្រោះឈ្មោះ ឡាយ សុថារិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ ជាមន្រ្តីយោធាស្រុកវាលវែង រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូទៅបុករថយន្តម៉ាកហ៊ីយានដាយ ពាក់ស្លាកលេខព្រះសីហនុ3A-0503 ដែលកំពុងឈប់ពីក្រោយ ។ ភ្លាមៗនោះអ្នកបើករថយន្ត បានរត់គេចខ្លួន ទុកតែរថយន្តចោលនៅទីនោះ ។

ក្រោយកើតហេតុសមត្ថកិច្ច បានយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំក្រវាញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់