ភ្នំពេញៈ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំស្ថាប័នតុលាការ ឲ្យដឹងថា នៅមុននេះបន្តិច ជនដៃដល់ជាឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៧:៤៥នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបមុខរបរធ្វើជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃនោះ បានបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោក កែម ឡី មានអាយុ៤៦ឆ្នាំ មុខរបរប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកមានប្រពន្ធ និងកូន៤នាក់ ក្នុងបន្ទុក និងម្នាក់ ក្នុងពោះ។
បច្ចុប្បន្នសាកសពលោក កែម ឡី ត្រូវបានតម្កល់រយៈ១០ថ្ងៃ នៅវត្តពោធិចារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីឲ្យក្រុមគ្រួសារ និងអ្នកស្រឡាញ់គាំទ្រលោក បានទៅគោរពលោកជាលើកចុងក្រោយ៕
https://youtu.be/ThR8Sj7OShA
មតិយោបល់