ព័ត៌មានជាតិ

សង្វេគណាស់! ស្រ្តីអនាថាវ័យជាង៣០ឆ្នាំម្នាក់ ឈឺពោះសម្រាលកូនតាមដងផ្លូវ ផ្អើលប្រជាពលរដ្ឋមកជួយសង្គ្រោះ

ភ្នំពេញៈ ស្ត្រីអនាថាវ័យជាង៣០ឆ្នាំម្នាក់ បានឈឺពោះសម្រាលកូន នៅតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរនៅទីនោះឃើញ ក៏បាននាំគ្នាជួយសង្គ្រោះបឋម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែងនិងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពពីសន្តិសុខម្នាក់ ដែលយាមនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីអនាថាខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ។ នៅមុនកើតហេតុរូបគាត់ បានឃើញស្ត្រីខាងលើនេះ ធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិច មកឈប់អង្គុយនៅចំណុចកើតហេតុខាងលើ ហើយបានត្អូញត្អែថា រូបគាត់ឈឺពោះណាស់ ខណៈនោះក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវឃើញ ក៏បាននាំមកជួយសសង្គ្រោះបឋម ទើបស្ត្រីខាងលើក៏បានសម្រាលកូនស្រីមួយដ៏ស្រស់ស្អាតម្នាក់ផងដែរ។

បន្ទាប់ពីសម្រាលរួចប្រជាពលរដ្ឋ បានទាក់ទងរថយន្តសង្គ្រោះឲ្យមកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យបន្តទៀត។ អ្វីគួរឲ្យសរសើនោះ គឺមាននារីវ័យក្មេងរូបស្រស់ដូចតារាម្នាក់ បានបើករថយន្តលុចស៊ីសស៊េរីទំនើប៣៣០មួយគ្រឿង មកដល់កន្លែងកើតហេតុឈប់ជួយសង្គ្រោះ ដោយមិនខ្លាចរអើមនោះទេ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជនជាច្រើន បានមកឈប់មើលហើយកោតសរសើរ​ទៅលើនារីវ័យរូបស្រស់នោះផងដែរ។ ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍រឿងនេះ ជូនដល់ទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និង រថយន្តសង្គ្រោះបន្ទាន់ក្លីនីករស្មី បានមកជួយដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្របន្ត ដោយរថយន្តសង្គ្រោះមន្ទីរពេទ្យរស្មី មិនមានឧបករណ៍សង្គ្រោះគ្រប់គ្រាន់៕

មតិយោបល់