ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ប្លន់ស្រីស្អាតនៅផ្ទះសំណាក់បៃតង ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) ដែលជាប់ដោយ ឥទ្ធិពលនៃគ្រឿងញៀន កំពុងរកស៊ីជួញដូរគ្រឿងញៀន និងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ នៅចំណុចមុខផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅទី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ តែបានប្រើប្រាស់ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) ជាប់ពាក់ព័ន្ធករណីប្លន់ស្រីស្អាតនៅផ្ទះសំណាក់បៃតង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានហើយ ។
តាមសេចកី្តរាយការណ៍បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានចាប់ខ្លួនកាលពីនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ ដោយកម្លាំងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញ ។
ក្រោយពីចាប់ខ្លួនជនសង្ស័យក៏សារភាពប្រាប់សមត្ថកិច្ចថា រូបគេមានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) ដែលបានបោកនារីរងគ្រោះតាមរយៈ Facebook ឲ្យមកជួបនៅផ្ទះសំណាក់ និងភ្ជង់ប្លន់យកទ្រព្យសម្បត្តិនោះពិតប្រាកដមែន ។ ហើយសម្ភារៈដែលប្លន់យកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា ឈ្មោះឧត្តម ឈ្មោះស្នា និងឈ្មោះជា ទៅដូរយកគ្រឿងញៀនមួយកញ្ចប់ធំមកចែកគ្នាជក់ និងលក់បន្តអស់ហើយ ។
គួរបញ្ជាក់ថា កាលពីម៉ោង៧យប់ ថ្ងៃទី១ មករា ២០១៩ មានករណីជនសង្ស័យម្នាក់ធ្វើសកម្មភាពបោកនារីស្រស់ស្អាត មុខរបរលក់ទំនិញ Online ដែលជនសង្ស័យ និងជនរងគ្រោះស្គាល់គ្នាតាមការលេង Facebook ។ ក្នុងនោះជនសង្ស័យបានណាត់ឲ្យជនរងគ្រោះទៅជួបនៅផ្ទះសំណាក់បៃតង ដោយបោកបញ្ឆោតថា ឱ្យប្រាក់។
ទីបំផុតនៅពេលជនរងគ្រោះទៅដល់ជនសង្ស័យធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ ទូរស័ព្ទដៃ អស់ពីខ្លួនសរុបជាទឹកប្រាក់ជាង៣ពាន់ដុល្លារអាមេរិក និងធ្វើឱ្យមានការភ្ញាក់ផ្អើលតាមសង្គមហ្វេសប៊ុកជាអំពើប្លន់ទៅវិញ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញកំពុងបន្តនីតិវិធី និងស្រាវជ្រាវស្វែងរកចាប់ខ្លួនគូកន ដើម្បីនាំមកទទួលទោសតាមច្បាប់៕
មតិយោបល់