ព័ត៌មានជាតិ

បញ្ជូន​ជនជាតិ​ចិន​២​នាក់​ ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ជំរិត​ទារប្រាក់​១​លាន​ដុល្លារ​

បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ចិន​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ចាត់ការ​តាម​ច្បាប់​ នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៩​ ពាក់ព័ន្ធ​ជំរឹត​ជនជាតិ​ចិន​ដូច​គ្នា​ទារប្រាក់​១​លាន​ដុល្លារ​ និង​ប្រើ​អំពើ​ហិង្សា​ ។​

​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​មាន​១-​ ឈ្មោះ​ លី​ ម៉ី​ង​ (LI​ MING)​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ២-​ឈ្មោះ​ ពីង​ ស៊ី​ន​ហ៊ូ​ (PENG​ SHUZHOU)​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ដែល​ស្នាក់​នៅ​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ​ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ថា​ ខណៈ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ គឺ​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ជនជាតិ​ចិន​៣​នាក់​ មាន​១-​ ឈ្មោះ​ ZHAO​ XIANG​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ២-​ ឈ្មោះ​ FENG​ YUMPENG​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ និង៣-​ឈ្មោះ​ HOI​ KUE​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ដែល​ស្នាក់​នៅ​ក្នុង​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ​ ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ​ ហើយ​បាន​ប្តឹង​ជនសង្ស័យ​២​នាក់​ខាងលើ​ ដែល​បាន​ជំរឹត​ទារប្រាក់​ចំនួន​ ១.០០០.០០០​ដុល្លារ​ និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ HOI​ KUE​ (​ជា​ថៅកែ​ចិន​)​ និង​ជន​រង​គ្រោះ​២​នាក់​ទៀត​ របួសស្រាល​ ដែល​ប្រព្រឹត្ត​ កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ក្នុង​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ​ ។​

​ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ហើយ​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​កាស៊ីណូ​បូ​រី​សាន​ស៊ា​ន​ហូ​ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕​

មតិយោបល់