បណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាម៉េរិក និងអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ការសិក្សាបឋមរបស់មន្ទីរពិសោធន៍បានបង្ហាញថា ការចាក់វ៉ាក់សាំង Pfizer/BioNTech ចំនួន ៣ដូស នឹងធ្វើឱ្យមានអព្យាក្រឹតភាពចំពោះវីរុសទម្រង់អូមីក្រុង ខណៈដែលការចាក់ចំនួន ២ដូសបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនូវកម្រិតអព្យាក្រឹតភាព។
លោក Ugur Sahin នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន BioNTech បាននិយាយថា «ការចាក់វ៉ាក់សាំង និងយុទ្ធនាការចាក់ដូសជំរុញនៅជុំវិញពិភពលោក អាចជួយយើងក្នុងការការពារប្រជាជនបានល្អប្រសើរជាងមុននៅគ្រប់ទីកន្លែង និងដើម្បីឆ្លងឱ្យផុតរដូវរងានេះ»។
បណ្តាក្រុមហ៊ុនទាំងនោះបាននិយាយថា ទិន្នន័យពីមន្ទីរពិសោធន៍បានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនកម្រិតអង់ទីករអព្យាក្រឹតចំនួន ២៥ដងបើធៀបទៅនឹងការចាក់វ៉ាក់សាំងចំនួន ២ដូសសម្រាប់ការប្រឆាំងនឹងវីរុសទម្រង់អូមីក្រុង។ ដូច្នេះ ការចាក់វ៉ាក់សាំងចំនួន ២ដូសអាចនឹងមិនគ្រប់គ្រាន់ទេដើម្បីការពារប្រឆាំងនឹងការឆ្លងមេរោគជាមួយនឹងវីរុសទម្រង់អូមីក្រុង។
ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកែសម្រួលវ៉ាក់សាំងរបស់ពួកគេឱ្យស្របទៅនឹងវីរុសទម្រង់អូមីក្រុង ហើយនឹងបន្តការងារទផត។ វ៉ាក់សាំងនេះអាចនឹងរួចរាល់នៅក្នុងខែមីនាឆ្នាំក្រោយ។
ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech គ្រោងនឹងផលិតវ៉ាក់សាំងនាពេលបច្ចុប្បន្ន (BNT162b2) ឱ្យបានចំនួន ៤ប៊ីលានដូសនៅក្នុងឆ្នាំ២០២២ ហើយសមត្ថភាពនេះមិនត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរទេ ប្រសិនបើវ៉ាក់សាំងដែលត្រូវកែសម្រួលនោះគឺជាតម្រូវការ»៕
ប្រភព៖ AKP




មតិយោបល់