ព័ត៌មានជាតិ

អុញនោះ មន្ទីរពេទ្យ​អន្តរជាតិ«វ៉ិច​ តូរៀ​»!!! បង្ហោះFacebookដាក់សេវាកម្ម​ពិគ្រោះ ​និង​ពិនិត្យ​ជំងឺ​ដោយឥតគិតថ្លៃ លុះគេមកព្យាបាលតាមការឃោសនា បែរជាទារលុយរហូតអស់លទ្ធភាពពីខ្លួនរួចក៏ចាក់សោរបង្ខាំងមនុស្ស..

ភ្នំពេញៈ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ខណៈដែលនារីម្នាក់ រួមនិងសាច់ញាតិ៥នាក់ទៀតត្រូវបានបុគ្គលិក​ និង​គ្រូពេទ្យ​ ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិចតូរៀ​ ចាក់សោទ្វារបង្ខាំងទុក្ខ ដោយសារតែគ្មានលុយបង់ថ្លៃព្យាបាលឲ្យគ្រប់ចំនួន ទាំងដែលខាងមន្ទីរពេទ្យបានបង្ហោះFacebook ឃោសនាសេវាកម្ម ពិគ្រោះ ​និង​ពិនិត្យ​ជំងឺ​ដោយឥតគិតថ្លៃ តែក្រោយមកស្រាប់តែថ្លៃព្យាបាលជាបន្តបន្ទាប់ និងនិយាយបំភ័យពីអាការៈជំងឺដើម្បីឲ្យអ្នកជំងឺធ្វើការវះកាត់ ទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយដោះស្រាយតែម្តង។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៧និង៣០នាទី​យប់​ ថ្ងៃទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៩​ ក្នុងមន្ទីរពេទ្យ​អន្តរជាតិ​ វ៉ិច​ តូរៀ​ ជាប់ស្តុប​ផ្សារ​មាន់​អាំង​ ​សង្កាត់បឹងកក់ទី២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

ស្ត្រីដែលទៅសេវាកម្មខាងលើមានឈ្មោះ មួយ​ ហៀង​ អាយុ១៩ឆ្នាំ​ ជាបុគ្គលិកបម្រើការនៅក្នុង​ហាង​ផឹកស៊ីមួយកន្លែង​។

ប្រភពពីស្ត្រីជាម្តាយបានឲ្យដឹងថា កូនគាត់មានអាការៈហើមទ្វារមាស ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ គាត់និងម្តាយបានមកកាន់មន្ទីរពេទ្យ​អន្តរជាតិ​ វ៉ិច​ តូរៀ ព្រោះឃើញគេផ្សាយតាមFacebook ថាពិគ្រោះ ​និង​ពិនិត្យ​ជំងឺ​ដោយឥតគិតថ្លៃ លុះពិនិត្យរួចគ្រូពេទ្យបានប្រាប់ថា កូនគាត់មានជំងឺគីសនៅដៃស្បូនដំណាក់កាលចុងក្រោយ តម្រូវឲ្យវះកាត់បើមិនដូច្នេះទេអាចស្លាប់ គាត់ក៏រារែកចុះត្រឡប់ផ្ទះវិញសិន តែគ្រូពេទ្យទាំងនោះហាមមិនឲ្យមក និងនិយាយបំភ័យឲ្យគាត់វះកាត់ ទើបគាត់ព្រមវះកាត់ក្នុងតម្លៃ២៨០ដុល្លារ ដែលជាតម្លៃថោកបំផុត ហើយក៏វះកាត់ដោយរលូន តែកូនគាត់ស្រាប់តែសន្លប់បាត់ស្មារតីរហូត ទើបគាត់បានសួរគ្រូពេទ្យ គេតបថា សេវាកម្មវះកាត់២៨០ដុល្លារដែលថោកបំផុតនេះគ្មានថ្នាំព្យាបាលទេ ហើយក៏និយាយប្រាប់ថា ឲ្យយកសេវាកម្មវះកាត់២០០០ដុល្លារទៅទើបអាចជា បើមិនដូច្នេះទេអាចស្លាប់ ឬក៏បង់លុយ៦០០ដុល្លារសិនក៏បាន ចាំបង់តាមក្រោយ ទើបគាត់ខ្ចីលុយគេមកបង់៦០០ដុល្លារសិន ទើបខាងគ្រូពេទ្យយកថ្នាំមកឲ្យកូនគាត់លេបនិងដឹងខ្លួនឡើងវិញ។ ចំណែកថ្លៃបន្ទប់១យប់៥០០ដុល្លារ គាត់អស់លទ្ធភាពក៏សុំចេញមកសម្រាកនៅផ្ទះ តែដោយសារបង់លុយមិនទាន់គ្រប់ខាងពេទ្យមិនឲ្យចេញនោះទេ រហូតចាប់សោរបង្ខំទុកដូចអ្នកទោសតែម្តង ។

ក្រោយមកស្ត្រីជាម្តាយបានទៅប្តឹងសមត្ថកិច្ចឲ្យជួយដោះស្រាយ ទើបខាងពេទ្យព្រមឲ្យពួកគាត់ត្រឡប់មកវិញ ដោយមិនទាមទារលុយដែលនៅសល់ទៀតទេ៕

មតិយោបល់