ព័ត៌មានអន្តរជាតិ

ទីបំផុតលោក ត្រាំ ប្រកាសចាប់ផ្តើមដកទ័ពអាមេរិកចេញពីស៊ីរី ក្រោយអូសបន្លាយពេលជាយូរ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្តើមដកទ័ពអាមេរិកចេញពីស៊ីរីហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

លោក ត្រាំ បានប្រកាសនៅលើទំព័រ Twitter របស់លោកថា ទាហានអាមេរិកនៅក្នុងប្រទេសស៊ីរី កំពុងចាប់ផ្តើមការចាកចេញរបស់ពួកគេ ខណៈកំពុងមានប្រតិបត្តិការវាយប្រហារក្រុមភេរវករ ISIS ដែលនៅសេសសល់ពីគោលដៅជាច្រើន។ ដោយលោកបន្ថែមថា អាមេរិក នឹងវាយប្រហារជាថ្មីម្តងទៀត ពីមូលដ្ឋានដែលនៅជិតខាង ប្រសិនបើមានកើនទ្បើងពួកភេរវករ Daesh នោះ។

នៅក្នុង Twitter លោក ត្រាំ បានអះអាងថា ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី បានទទួលផលប្រយោជន៍ដ៏ធំបំផុត នៃគោលនយោបាយរយៈពេលវែងរបស់អាមេរិក សម្រាប់ការកម្ទេច ISIS នៅស៊ីរី។

ក្នុងនោះប្រធានាធិបតីអាមេរិក ក៏បានព្រមានផងដែរថា វានឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសតួកគី បើសិនជាពួកគេ វាយប្រហារសកម្មប្រយុទ្ធឃឺត ដែលគាំទ្រដោយអាមេរិក៕

មតិយោបល់