ត្បូងឃ្មុំៈក្រោយពីចូលកាន់មុខតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានរយៈពេលជាង២ឆ្នាំរួចមក លោកងី វីរៈ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចប្រកាសផ្លាស់ប្ដូរមុខតំណែង ឲ្យទៅកាន់ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់វិញ ដោយលោកគឹម ឈុនលី ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោកទួត វុត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ត្រូវបានផ្លោះរបងឡើងកាន់មុខតំណែង ជានាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំផងដែរ ។
ពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងនេះត្រូវបានប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃទី៦ កក្កដា ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ហាស់់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស ប្រធាន អនុប្រធាន តំណាងមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ ។
លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ខេត្តត្បូងឃ្មុំមិនមែនជាប្រភពទីតាំងនៃការកាប់បំផ្លាញព្រៃឈើនោះទេ ព្រោះក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំពុំមានដើមឈើប្រណិត ឈើប្រភេទលេខ១ ឬក៏ឈើចម្រុះប្រភេទសម្រាប់បម្រើដល់ការជួញដូរនោះឡើយ តែខេត្តត្បូងឃ្មុំត្រូវបានប្រើប្រាស់ ជាកន្លែងឆ្លងកាត់នៃការដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម ។
លោកបានអំពាវនាវសុំឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមសហការណ៍ជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងការទប់ស្កាត់រាល់បទល្មើសដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមផងដែរ ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ កំពុងតែរងចាំមើលថា ការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់បង្ក្រាបរាល់បទល្មើសព្រៃឈើ ពេលចូលកាន់មុខតំណែង របស់លោកគឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំថ្មី តើមានប្រសិទ្ធភាពដែរឬទេនាពេលខាងមុខ ឬមួយក៏ដូចជាការប្តេជ្ញាចិត្តរបស់លោកងី វីរៈ ពេលចូលកាន់មុខតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ នាពេលកន្លងទៅដែរឬក៏យ៉ាងណា ? ? ? ៕
មតិយោបល់