កំពង់ចាមៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការ បានដឹកនាំ និង បញ្ជាកម្លាំងអធិការដ្ឋាន និង ប៉ុស្តិ៍ ដោយផ្ទាល់ និងមានការចូលរួមសហការពីកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្ត និង ស្រុកជើងព្រៃ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ករណីឆាបឆេះនេះ រហូតមកដល់ម៉ោង១១និង៥០នាទីយប់ ទើបកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងស្ថានការបានទាំងស្រុង មិនបណ្តាលឲ្យរាលដាលឆាបឆេះផ្ទះក្បែរខាងបន្តទៀតនោះទេ ។
សូមបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង អស់ទឹក៨រថយន្ដ ៖
– ស្រុកព្រៃឈរ២គ្រឿង ប្រើប្រាស់ទឹក៥រថយន្ដ
– ស្រុកជើងព្រៃ ១គ្រឿង ប្រើប្រាស់ទឹក១រថយន្ដ
– រថយន្តខេត្ត ២គ្រឿង ប្រើប្រាស់ទឹក ២រថយន្ដ
និងបណ្តាលឲ្យខូចខាត រួមមាន៖
១.ម្ចាស់ផ្ទះឈ្មោះ លុយ វុន ភេទប្រុស អាយុ៤៨ឆ្នាំ ផ្ទះទំហំ៦×៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដារ (ខូចខាតទាំងស្រុង) និង សម្ភារខូចខាតៈ រួមមាន ផ្លាកដៃមាសទំងន់ ២ ជី, ម៉ូតូ ២ គ្រឿង ម៉ាកសាន់យាន់, ប្រាក់១០០ដុល្លារ, ខ្សែកផ្លាកទីន ទម្ងន់២ ជី, សម្ភារៈមួយចំនួន។
២.ផ្ទះឈ្មោះ សំរោង ណត់ ភេទស្រី អាយុ៦១ឆ្នាំ ផ្ទះទំហំ៧×១៣ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុង) និង សម្ភារខូចខាត គ្រែ ៦, ទូ ១, ទូរទស្សន៍ ២ គ្រឿង ។
៣.ផ្ទះឈ្មោះ នុន អ៊ុ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៦×៧ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី (ខូចខាតទាំងស្រុង) និង សម្ភារខូចខាត: ប្រាក់ ១០០ដុល្លារ មាស ១ ជី និង សម្ភារៈមួយចំនួន។
៤.ផ្ទះឈ្មោះ វី ភាព ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះ៦×៦ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី (ខូចខាតទាំងស្រុង) និង សម្ភារខូចខាត: ស្រូវ ៥បេ, សម្ភារៈមួយចំនួន។
ចំណែកមូលហេតុ មិនទាន់កំណត់បាននោះទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ៕
មតិយោបល់