ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយចំនួន ៦ កន្លែង ក្នុងខេត្តពោធិ៍សាត់។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង៦ផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ស្ថានីយ សាវីម៉ិច ត្រពាំងជង ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មិនមានអនុលោមភាពទាំងគុណភាព និង បរិមាណ។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បញ្ឈប់សកម្មភាពនូវការកេងបន្លំបែបនេះបន្តទៀត។
បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់