ព័ត៌មានជាតិ

​តេណាត់មិនមកជួប! ប្តីជះទឹកអាស៊ីត រងរបួសធ្ងន់ស្រាល៣នាក់ រួចរត់គេចខ្លួនបាត់

កណ្តាលៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា​( ជះទឹកអាស៊ីត) នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ៣នាក់ ទី១​ឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ​១៩​ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (របួសស្រាល)​ជាប្រពន្ធ។ ទី២.ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១​ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ​(របួសស្រាល)។ និងទី៣​ឈ្មោះ ណាន ឈាវភេទ ភេទប្រុស អាយុ ១ឆ្នាំ៦ខែ​ នៅក្នុងបន្ទុក​(ជាកូន) របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។

ជនសង្ស័យ​ឈ្មោះ អ៊ុក កុម្ភៈ ភេទប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករតម្លើងរោងការនៅ​ភ្នំពេញ មានទីលំនៅភូមិ-ឃុំ-ស្រុក មិនស្គាល់ ខេត្តកំពត​(ត្រូវជាប្តី) គេចខ្លួន។

នៅមុនពេលកើតហេតុ កន្លងមកឈ្មោះ អ៊ុក កុម្ភៈ តែងតែប្រើប្រាស់អំពើហិង្សាវាយទៅលើប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច ជាញឹកញាប់ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ ដោយទ្រាំលែងបានឈ្មោះ រ៉ា ស្រីនិច្ច បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ ឯភូមិដុល ឃុំសន្លុង។ ក្រោយមកឈ្មោះអ៊ុក កុម្ភៈ តែងតែមករករឿង និងធ្លាប់និយាយគំរាមឈ្មោះ រ៉ា ស្រីនិច្ច ថានិងជះទឹកអាស៊ីតដាក់នៅថ្ងៃណាមួយ ។ លុះមកដល់ថ្ងៃទី១៤.០១.២០១៩ ឈ្មោះ អ៊ុក កុម្ភៈ បានតេទូរសព្ទ័មកឈ្មោះ រ៉ា ស្រីនិច្ច ជាច្រើនដងឲ្យទៅជួបនៅតំបន់7NG ស្ថិតនៅភូមិព្រៃចាស់ឃុំវិហារសួគ៌ ប៉ុន្តែឈ្មោះរ៉ា ស្រីនិច្ច មិនព្រមទៅជួប ហើយឈ្មោះ អ៊ុក កុម្ភៈបាននិយាយថា បើមិនទៅជួបប្រាកដជាមានរឿងដល់ម៉ោង ១៩:០០ នាទី ថ្ងៃដដែល ឈ្មោះ រ៉ា ស្រីនិច្ច ឈ្មោះ ម៉ៃ ស្រីឡា និង ឈ្មោះ ណាន ឈាវ បានដើរទៅទិញម្ហូបនៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកពរឈ្មោះ ណាន ឈាវ ពេលទិញរួចក៏ដើរត្រឡប់មកផ្ទះវិញ។ ពេលកំពុងដើរត្រឡប់មកផ្ទះវិញនោះ ឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៤ មិនចាំស្លាកលេខ ពាក់អាវពណ៌ទឹកប៊ិច ជិះពីលិចទៅកើត លុះមកដល់ក៏បានយកទឹកអាស៊ីតជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខឈ្មោះ ណាន ឈាវ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ឯឈ្មោះ រ៉ា ស្រីនិច្ច និងឈ្មោះ ម៉ៃ ស្រីឡា រងរបួសស្រាល ភ្លាមនោះឈ្មោះ អ៊ុក កុម្ភៈ បានជិះម៉ូតូរត់គេចខ្លួនបាត់។

​ករណីនេះកម្លាំងបានចុះកសាងសំណុំរឿងនិងស្វែងរកចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី៕

មតិយោបល់