ព័ត៌មានជាតិ

គេចទៅណារួច! វាយប្លន់គេបានសម្រេចគេចខ្លួនបាន៤ថ្ងៃ ចុងក្រោយជាប់ខ្នោះទាំង២នាក់

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះបានធ្វើការតាមជំនាញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមគ្នា៣នាក់ បន្ទាប់ពីក្រុមជនសង្ស័យទាំងនេះ ធ្វើសកម្មភាពវាយប្លន់យក យកលុយនិងទូរសព្ទពីជនរងគ្រោះហើយរត់គេខ្លួនបាន៤ថ្ងៃ។

ហេតុការណ៍វាយប្លន់នេះកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលា ម៉ោងប្រហែល១៩និង០០នាទី នៅចំនុចដីវាលស្ថិត ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ហើយឃាត់ខ្លួនបាននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៩ ។

តាមលោកនាយប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយកើតហេតុ៣ថ្ងៃដោយសារជនរងគ្រោះឈឺ របួសគ្រាំពេញខ្លួនទើបសម្រាកនៅមន្ទីរពេទ្យ ពោលគឺជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី១៤ ខែមករា កម្លាំងបានសហការជាមួយជនរងគ្រោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី១៥ ខែមករានេះ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។

លោកមេប៉ុស្តិ៍បានដឹងទៀតថា ជនសង្ស័យទី១ ឈ្មោះចក់ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ សំណង់ ទីលំនៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង(ឃាត់ខ្លួនថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩) , ជនសង្ស័យទី២ ឈ្មោះ ណុប រដ្ឋា ហៅក្រៅ អាជ្រក់ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង មុខរបរកម្មករសំណង់ (ឃាត់ខ្លួនថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩) និងម្នាក់ទៀតមានឈ្មោះ អា ពាក់មី ភេទប្រុស (រត់គេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ មួង សារ៉ង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ជនរងគ្រោះមានរបួសហើមជាំរង្វង់ភ្នែកខាងឆ្វេង ហើមថ្ពាល់ឆ្វេង ហើមឆ្អឹងជំនីឆ្វេង និងថប់ៗដង្ហើម ។
សម្ភារៈបាត់បង់ ៖ ប្រាក់ដុល្លារ៥០ដុល្លារ ,ប្រាក់រៀលចំនួន៤០,០០០រៀលនិង ទូរសព្ទមួយគ្រឿង។

ប្រភពពីជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចកក់កំណត់ហេតុ បានឲដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ឌុបកូនដើរលេង លុះមកដល់រោងទឹកត្នោតជូ ក៏ជួបនិងជនសង្ស័យ៣នាក់ខាងលើ បានហៅជនរងគ្រោះឲ្យចូលផឹកជាមួយ ក្រោយផឹកបានបន្តិច ជនរងគ្រោះបានឲ្យកូនជិះកង់ទៅផ្ទះមុន លុះផឹករាងស្រវឹង ខ្លួនបានសុំទៅផ្ទះមុន ប៉ុន្តែជនសង្ស័យទាំង៣នាក់ មិនព្រម ដោយឲ្យជនរងគ្រោះទៅទិញថ្នាំញៀនឲ្យពួកគេជក់ ។ ខណៈនោះពួកជនសង្ស័យបានប្រើល្បិច ឌុបជនរងគ្រោះទៅកន្លែងស្ងាត់ ដីវាល នាំគ្នាព្រួតវាយជនរងគ្រោះរហូតដល់សន្លប់ ដល់ពេលជនរងគ្រោះភ្ញាក់ឡើង ដឹងថាខ្លួនបាត់លុយ៥០ដុល្លារ លុយខ្មែរ៤ម៉ឺន ទូរស័ព្ទមួយគ្រឿង ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ គឺបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ទើបមកដាក់ពាក្យបណ្តឹងតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់