ព័ត៌មានជាតិ

បក្ខពួកក្រុមចោរ លួចដែកក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការបង្ក្រាបជាក់ស្តែងករណី លួច (ដែក) ត្រង់ចំណុចការដ្ឋានសំណង់ ផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះ គុជ ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាង ដែកថ្នាំងអំពៅ(ចាស់ៗ) ប្រវែង១ម៉ែត្រ ចំនួន២៦ដើម ។

សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ គុជ ពៅ ភេទប្រុស អាយុ២១ឆ្នាំ, ទី២ឈ្មោះ សុខ ភេទប្រុស អាយុ២២ឆ្នាំ, ទី៣ឈ្មោះ សី ភេទប្រុស អាយុ២២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅបិទស្កុតពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1AF-8174 ឌុបគ្នាទាំង០៣នាក់ខាងលើមកធ្វើសកម្មភាពលួចយកដែកនៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះសន្ដិសុខយាមបុរីពិភពថ្មីខាងលើបានរាយការណ៍ជូនសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានក្បែរនោះឲ្យជួយអន្ដរាគមន៍ឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ឈ្មោះ គុជ ពៅ រួមនឹងវត្ថុតាងដែកថ្នាំងអំពៅមានប្រវែង១ម៉ែត្រចំនួន២៦ដើម យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ គុជ ពៅ បានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេ និងបក្ខពួកទាំង០២នាក់ខាងលើ ដែលបានគេចខ្លួន គឺធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋជាច្រើនលើកនៅក្នុងរាជធានីភ្នំពេញ ។ ហើយសមត្ថកិច្ចក៏បានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ក្នុងទឹកនោមជនសង្ស័យ ជាលទ្ធផល មានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនទាំង២នាក់ខាងលើ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវបន្ត៕​

មតិយោបល់