បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ព្រះសង្ឃជនជាតិខ្មែរ និងជនជាតិថៃ៣អង្គ រងការចោទប្រកាន់ក្រងស្បង់ជីវរក្លែង ចូលលេងល្បែងកាស៊ីណូ និងដើរបិណ្ឌបាតក្នុងពិធីរាប់បាត ត្រូវបានរងការចាប់ផ្សឹក និងឃាត់ខ្លួនក្នុងករណី២ផ្សេងគ្នា នៅក្រុងប៉ោយប៉ែត ។ ព្រះសង្ឃទាំង៣អង្គមានជនជាតិខ្មែរ២នាក់ និងជនជាតិថៃ១នាក់ ។
ករណីទី១,បើយោងតាមប្រភពព័ត៌មាន ពីកម្លាំងគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចបុរី សាន ស៊ានហូ អាជ្ញាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃជម្នះ ៧មករា ១៩៧៩ និង៧មករា ២០១៩ ក្នុងពិធីនោះក៏បាន ធ្វើពិធីបង្សកូល រាប់បាតរំលឹកឧទ្ទិសវិញ្ញាណក្ខន្ធជនរងគ្រោះ ស្លាប់ ក្នុងរបប ប៉ុលពត ដែលនិមន្តព្រះសង្ឃ៤១៦អង្គ ។ ស្រាប់តែនៅពេលនោះឃើញមានព្រះសង្ឃ៣អង្គ គ្មានបណ្ណចូលរួមក្នុងកម្មពិធី សមត្ថកិច្ចក៏បានសួរនាំ ហើយក៏បញ្ជូនទៅកាន់ការិយាល័យធម្មការ និងសាសនា ក្រុងប៉ោយប៉ែត រកលិខិតស្នាម។ ក្នុងចំណោមព្រះសង្ឃ៣អង្គ មាន២អង្គជាសង្ឃក្លែងក្លាយគ្មានលិខិតស្នាមអ្វីនោះទេ និង១អង្គជាសង្ឃត្រឹមត្រូវគង់នៅវត្តកែវមុន្នីឧត្តម ក្នុងភូមិទំពាំងជង ឃុំកោះកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនក្លែងជាសង្ឃទាំង២នាក់ក៏ត្រូវចាប់ដោះស្បង់ជីវរចេញ និងយកចាត់ការតាមផ្លូវច្បាប់។ ព្រះសង្ឃទី១,ឈ្មោះឌី រតនា អាយុ ២៥ឆ្នាំ នៅក្នុងខេត្តកំពងស្ពឺ ។ ព្រះសង្ឃទី ២,ឈ្មោះ ភារម្យ អាយុ ២០ឆ្នាំ នៅក្នុងខេត្តតាកែវ។
បើតាមចម្លើយសារភាពជនសង្ស័យក្លែងជាសង្ឃខាងលើ ប្រាប់ថាខ្លួនបានជួលជនម្នាក់ឲ្យធ្វើឆាយា លិខិតស្នាម ក្លែងក្លាយ តម្លៃ២០ម៉ឺនរៀល ហើយបានពាក់ស្បង់ជីវរ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាតរៃអង្គាសប្រាក់តាមផ្សារ និងតាមផ្ទះ ហើយជួលផ្ទះសំណាក់ស្នាក់នៅ ក្នុងប៉ោយប៉ែតជាច្រើនថ្ងៃមកហើយ ។ បន្ទាប់មកដឹងថាអភិបាលក្រុងប៉ោយប៉ែត ធ្វើពិធីបុណ្យរាប់បាត ក៏លួចបន្លំចូលជាមួយព្រះសង្ឃដទៃទៀត ក្រែងបានថវិកាពីការរាប់បាត ប៉ុន្តែនៅពេលនោះក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។
ករណីទី២, នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះផងដែរ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋប្តឹងរាយការណ៍ មកសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតមានសង្ឃជនជាតិថៃ១អង្គ និមន្តចូលលេងកាស៊ីណូ និងដើរបិណ្ឌបាតរៃអង្គាសប្រាក់ នៅក្រុងប៉ោយប៉ែតរយៈពេលជិត១សប្តាហ៍មកហើយ ។ សមត្ថកិច្ចក៏បានឃើញសង្ឃជនជាតិថៃនិមន្តបិណ្ឌបាតនៅចំណុច ហាងកាហ្វេអារ៉ាប់ ប៊ីធា សមត្ថកិច្ចក៏ហៅសួរនាំ និងឆែកឆេរត្រួតពិនិត្យ គ្មានឆាយាលិខិតស្នាមនោះទេ ក៏ដូចជាតាមចម្លើយសារភាពគឺ សង្ឃជនជាតិថៃនោះ ជាសង្ឃក្លែងក្លាយកាន់លិខិតឆ្លងដែន និងចាប់បញ្ជូនទៅវត្តបាលិលេយ្យ ដើម្បីឱ្យគ្រូចៅអធិការវត្តបាលិល្យ័ និងគ្រូចៅអធិវត្តថ្មី ចាប់ដោះស្បង់ជីវរចាត់ការតាមនីតិវីធីរបស់ព្រះសង្ឃ ជនជាតិថៃមានឈ្មោះ ថាឈុំ ឈើយសំឆាត អាយុ៤៨ឆ្នាំ រស់នៅក្នុង ខេត្ត រ៉ូយ អេត ប្រទេសថៃ៕
មតិយោបល់