ភ្នំពេញៈ មនុស្ស២នាក់បានរងរបួសធ្ងន់ ម្នាក់រលាករលួយជើង ខ្លួន និងម្នាក់ទៀតបាក់ជើង ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរដោយស្រ្តីម្នាក់ ស្លៀកពាក់ធ្វើជាប្រុស បើកបុករះរថយន្ត២គ្រឿង ម៉ូតូ២គ្រឿង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារស៊ីនជូរី ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-1659 បើកបរដោយស្រ្តីម្នាក់ ស្លៀកពាក់ធ្វើជាមនុស្សប្រុស ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកពីលិចទៅកើតល្បឿនលឿន ជ្រុលទៅបុកពីក្រោយ ម៉ូតូ ម៉ាកលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AD-1039 បើកបរដោយបុរសម្នាក់ ហើយបន្តទៅបុកពីក្រោយ រថយន្ត ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9480 រថយន្តបង្កបែកកង់មុខខាងឆ្វេង រេទៅបុករថយន្ត RAV4 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3893 ដែលបើកច្រាសទិស ពីកើតទៅលិច ហើយរថយន្តបង្កទៅបុកម៉ូតូ សេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ បន្ថែមទៀត អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យមនុស្ស២នាក់រងរបួសធ្ងន់ អ្នកបើកបរម៉ូតូលេត រលាករលួយជើង ខ្លួន ដោយសាររថយន្តហាយឡែនឌ័រ បែកកាទែរ ហូរប្រេងហ្វ្រាំងស្រោចលើ និងអ្នកបើកបរម៉ូតូសេ១២៥ របួសបាក់ជើងស្តាំ រថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន២គ្រឿងរងខូចខាត ។
ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ត្រូវបានរថយន្តគ្លីនិករស្មីដឹកយកទៅសង្រ្គោះ ចំណែករថយន្តនិងម៉ូតូក្នុងករណីខាងលើត្រូវបានសមត្ថកិច្ច ចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ រួមទាំងឃាត់ខ្លួនស្រ្តីបើកបរបង្កផងដែរ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់